ភ្នំពេញ ៖ ដើម្បីអបអរទិវា ដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារ ទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ និងសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ ដើមក្នុងខេត្តកំពង់ស្ពឺ ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភ ដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅកីឡដ្ឋានកំពង់ស្ពឺ ។
អំឡុងពេលកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” អ្នកចូលរួមអាចជ្រើសរើស ឧបត្ថម្ភជាទឹកប្រាក់ ឬឧបត្ថម្ភជាកូនឈើ ។ កូនឈើនីមួយៗ ដែលបានដាំ មានដាក់ស្លាកឈ្មោះ ដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភ នៅក្បែរកូនឈើ ។ សរុបរួម មានកូនឈើ ៨៥០ ដើម ត្រូវបានឧបត្ថម្ភ ដែលក្នុងនោះ ៤០០ ដើម ត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ ។
កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយ នៅក្នុងស្រុកត្រគៀត ជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ ដែលមានវត្តមានលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្ត របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ។
លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឱ្យដឹងថា “ខ្ញុំរីករាយដែលបានឃើញ ការដាំកូនឈើលើកដំបូងបែបនេះ នៅក្នុងភូមិរបស់ខ្ញុំ ចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍ បេះដូងសប្បុរស” ។
នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្ត មកពីក្រុមហ៊ុនណាហ្គាវើលដ៍ ៥០ នាក់ និងកុមារមកពីសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ ៥០ នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា ។
លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍បាននិយាយថា “យើងពឹងទៅលើដើមឈើ ដោយសារវាផ្តល់ខ្យល់ ឱ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំង ក្នុងពេលអនាគត ។ ដូច្នេះយើងត្រូវធ្វើអ្វី ដែលយើងអាច ដើម្បីការពារបរិស្ថាន មុនហួសពេល” ។
លោក Pern Chen នាយកគ្រប់គ្រង ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឱ្យដឹងថា “ការលើកកម្ពស់ការយល់ដឹង ក្នុងចំណោមសាធារណជន អំពីសារសំខាន់ នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់ ។ ការដាំកូនឈើ គឺជាសកម្មភាព មួយក្នុង ចំណោមសកម្មភាពជាច្រើន របស់យើងដែលជំរុញ ឱ្យមានការផ្លាស់ប្តូរវិជ្ជមាន សំដៅឆ្ពោះទៅរកការការពារ ធនធានធម្មជាតិ ដែលយើងម្នាក់ៗអាចធ្វើបាន” ។
គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានបេសកកម្មផ្តល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្ត គម្រោងសហគមន៍ ។ កម្មវិធីបច្ចុប្បន្ន របស់សហគមនេះ រួមមាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍ តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារមកពីសហគមន៍ប្រមាណ ៦០០ នាក់។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះ ដូងសប្បុរស បាន និងកំពុងចូលរួមគាំពារ បរិស្ថានដើម្បីចូល រួមធ្វើឱ្យប្រទេសកម្ពុជា កាន់តែស្រស់បំព្រង ដោយបានដាំកូនឈើប្រមាណ ៤.១៩៨ ដើម គិតមកដល់បច្ចុប្បន្នសម្រាប់អនាគត ប្រកបដោយនិរន្តរភាព។ តាមរយៈយុទ្ធនាការ “កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន និងការដាំកូនឈើ” ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្តេជ្ញាការពារបរិស្ថាន ដើម្បីសហគមន៍ឱ្យ កាន់តែមានភាពស្រស់បំព្រង ៕