ថ្ងៃទី១៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Wang Yi ប្រធានការិយាល័យនៃ គណៈកម្មការកិច្ចការបរទេសមជ្ឈិមចិន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
លោក Wang Yi បានថ្លែងថា ប្រទេសចិននិងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវកម្មវត្ថុ និងគោលការណ៍នៃ 《សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍》 ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយ ដែលមានភាពសុខដុមរមនា និងមេត្រីភាពជាមួយប្រទេសជិតខាង ក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍ និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។
ភាគីទាំងពីររួមគ្នាជំរុញ កិច្ចកសាងសហគមន៍រួមវាសនា រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋាន គ្រឹះនៃសន្តិភាពនិងស្ថិរភាព។
ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបរិយាបន្នដែលត្រូវបាន លើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន យើងនឹងរួមគ្នាជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ានឱ្យវិវឌ្ឍទៅមុខ ជាបន្តបន្ទាប់ដើម្បីរួមចំណែកថ្មី ដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់នេះ។
ភាគីនានាបានថ្លែងអំណរគុណ ដល់ភាគីចិនក្នុងការគាំទ្រឋានៈជាស្នូល និងការកសាងសហគមន៍ រួមវាសនារបស់អាស៊ាន ហើយបានកោតសរសើរ ចំពោះភាគីចិនដែលបាន នាំមុខផ្តួចផ្តើមគំនិតក្នុងការ ចុះហត្ថលេខាលើពិធីសារនៃ 《សន្ធិសញ្ញាស្តីពីតំបន់គ្មាន អាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍》។ រំពឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិននឹងឈានដល់កម្រិតថ្មី និងទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ៕