បរទេស៖ សភាថៃ បានបញ្ជាក់នៅថ្ងៃសុក្រថា ខ្លួននឹងបោះឆ្នោតម្តងទៀត ដើម្បីរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកសភាដែលត្រូវបានតែងតាំងដោយយោធាបានបដិសេធការប៉ុនប៉ងរបស់លោក Pita Limjaroenrat សម្រាប់តំណែងកំពូលនេះ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) របស់លោក Pita បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ដែលជំរុញដោយយុវជនដែលចង់បានកំណែទម្រង់រីកចម្រើន បន្ទាប់ពីការគ្រប់គ្រងរយៈពេលប្រាំបួនឆ្នាំ ដែលគាំទ្រដោយកងទ័ពនៅក្នុងព្រះរាជាណាចក្រមួយនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ យុទ្ធនាការរបស់លោក Pita ដែលមហាសេដ្ឋីដែលមានការអប់រំនៅសាកលវិទ្យាល័យ Harvard ដើម្បីដឹកនាំរដ្ឋាភិបាល បន្ទាប់ត្រូវបានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ ដោយសារសមាជិកព្រឹទ្ធសភា ដែលចាត់ទុកការសន្យារបស់លោក Pita ក្នុងការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រយ៉ាងតឹងរឹង ថាជាបន្ទាត់ក្រហម។
ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាប័នបោះឆ្នោតកំពូលរបស់ប្រទេសថៃ បានផ្តល់អនុសាសន៍ឱ្យតុលាការធម្មនុញ្ញព្យួរលោក Pita ក្នុងនាមជាសមាជិកសភា ដែលនេះប្រៀបបាននឹងការចាក់សាំងបន្ថែមទៀត សម្រាប់សមាជិកព្រឹទ្ធសភាដែលត្រៀមរួចជាស្រេច ដើម្បីបោះឆ្នោតប្រឆាំងនឹងរូបលោក។
បើតាមអនុប្រធានសភា Pichet Chuamuangphan បានប្រាប់ AFP នៅថ្ងៃសុក្រថា សភានឹងរៀបចំការបោះឆ្នោតជាលើកទីពីរសម្រាប់នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៩ ខែកក្កដា ។
ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើលោក Pita នឹងត្រូវបានតែងតាំងជាថ្មី ឬក៏ត្រូវប្រឈមមុខនឹងបេក្ខជនបន្ថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា