ព័ត៌មានអន្តរជាតិ

ចិន និងអាស៊ាន អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Xinhua

ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរបស់ពួកគេ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន (១០+១) ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានពុះកញ្ជ្រោលនូវមាគ៌ា ត្រឹមត្រូវនៃការបង្កើតភាព ជាអ្នកជិតខាងល្អយូរអង្វែង ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍន៍រួម និង នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ការិយាល័យ ​គណៈកម្មាធិការ​មជ្ឈិម​ទទួល​បន្ទុក​ កិច្ចការ​បរទេស​លោក វ៉ាង យី នៅ​ក្នុង​កិច្ច​ប្រជុំ ​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន អ្នក​សង្កេតការណ៍​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន។

លោក វ៉ាង យី បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើការរួមគ្នា លើការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា និងខ្សែក្រវ៉ាត់ និងផ្លូវ ខណៈពេលដែលរួមគ្នាលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព។

ប្រទេសចិន នឹងប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ឱកាសថ្មីៗ សម្រាប់ប្រទេសទាំងអស់ជាមួយនឹង ការធ្វើទំនើបកម្មតាមបែបចិន។ អ្នកការទូតជាន់ខ្ពស់ចិនបានឲ្យដឹងថា វាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយអាស៊ាន ដើម្បីជំរុញដំណើរការទំនើបភាវូបនីយកម្ម នៅក្នុងតំបន់អាស៊ី។

លោកបានលើកឡើងថា ប្រទេសចិន នឹងធ្វើការរួមគ្នាជាមួយ អាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងធ្វើការរួមចំណែកថ្មីដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាគី​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ​ដែល​បាន​គាំទ្រ​ដល់​ភាពជា​កណ្តាល​របស់​អាស៊ាន ​និង​ការកសាង​សហគមន៍​។ ពួកគេបានកោតសរសើរប្រទេសចិន ចំពោះការនាំមុខក្នុងការបង្ហាញឆន្ទៈក្នុងការ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា ស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍។

លើសពីនេះ ពួកគេទន្ទឹងរង់ចាំឃើញភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឈានទៅកម្រិតថ្មីមួយ និងសម្រេចបានសមិទ្ធផលថ្មីៗ។ កិច្ចប្រជុំបានអនុម័ត សេចក្តីថ្លែងការណ៍រួមមួយ ស្តីពីខួបលើកទី២០ នៃការចូលជាសមាជិក TAC របស់ចិន និងឯកសារណែនាំ សម្រាប់ពន្លឿនការបញ្ចប់នៃ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top