បរទេស៖ អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃ ជាច្រើននាក់ ជឿជាក់ថា សម្ព័ន្ធដែលដឹកនាំដោយគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ប្រហែលជាត្រូវពិចារណាក្នុងការដាក់បេក្ខជននាយករដ្ឋមន្ត្រីថ្មី ក្រៅពីលោក Pita Limjaroenrat។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃទាំងនោះ បាននិយាយទៅកាន់ទូរទស្សន៍ Nation TV កាលពីថ្ងៃសុក្របែបនេះ មួយថ្ងៃបន្ទាប់ពីលោក Pita បរាជ័យក្នុងការបោះឆ្នោតសភាជុំទីមួយសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។
ថ្វីត្បិតតែជាបេក្ខជនមានតែឯងក៏ដោយ ក៏លោក Pita មិនអាចទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភានោះដែរ ដោយខ្វះសំឡេងគាំទ្រដើម្បីឱ្យគ្រប់ចំនួន ៣៧៥ ដែលលោកត្រូវការ។ ជាលទ្ធផល ការបោះឆ្នោតជុំទី២សម្រាប់តំណែងនាយករដ្ឋមន្ត្រីនេះ គឺត្រូវបានកំណត់នៅថ្ងៃទី១៩ ខែកក្កដានេះ។
តាមគំនិតរបស់អ្នកជំនាញនយោបាយចំនួន៦រូបគឺរួមមាន Krisada Boonraung, Thitinan Pongsudhirak, Kittisak Ratanawaraha, Olarn Thinbangteo, Chettha Sapyen, និង Yuttaporn Issarachai គឺថា ឱកាសរបស់លោក Pita ក្នុងការឈ្នះការបោះឆ្នោតជុំទីពីរ នៃការបោះឆ្នោតនៅសប្តាហ៍ក្រោយគឺ មិនល្អទាល់តែសោះ។
ពួកគេបានចាត់ទុកគោលនយោបាយមួយចំនួនរបស់គណបក្សលោកដែលមិនសមហេតុផលចំពោះអ្នកនយោបាយចាស់ទុំ និងអ្នកនយោបាយអភិរក្សថាជាហេតុផលចម្បង សម្រាប់ការស្ទាក់ស្ទើរក្នុងការបោះឆ្នោតឱ្យលោក។
ទន្ទឹមនឹងនោះ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា មានដំណើរការផ្លូវច្បាប់កំពុងដំណើរការដើម្បីដកលោក Pita ចេញពីនយោបាយថៃ ជាពិសេសករណីលើកម្មសិទ្ធិលើភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការសន្យារបស់គណបក្សលោកក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌស្តីពីការប្រមាថព្រះមហាក្សត្រ៕ ប្រែសម្រួលៈ ណៃ តុលា