ព័ត៌មានអន្តរជាតិ

លោក Pita ថា លោកត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បើសិនលោកបរាជ័យបោះឆ្នោតសភានៅថ្ងៃទី១៩កក្កដានេះ

រូបភាពពី៖​ XINHUA

បរទេស៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward និងជាបេក្ខជននាយករដ្ឋមន្ត្រី បានអំពាវនាវដល់សាធារណជនឱ្យជួយលោកនិងគណបក្សរបស់លោក ឱ្យ”ផ្លាស់ប្តូរបេះដូងសមាជិកព្រឹទ្ធសភា” ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita ក៏បាននិយាយផងដែរថា ប្រសិនបើគណបក្សរបស់លោកបរាជ័យក្នុងការក្លាយជាមេដឹកនាំ នៃរដ្ឋាភិបាលចម្រុះបន្ទាប់ នោះលោកនឹងអនុញ្ញាតឱ្យដៃគូធំទីពីរគឺគណបក្សភឿថៃ ចូលកាន់តំណែងជាមេដឹកនាំចម្រុះ ហើយព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។

លោក Pita បាននិយាយថា “សមាជិកសភាគណបក្សឆ្ពោះទៅមុខទាំងអស់នឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ”។

លោកបាននិយាយថា អ្នកគាំទ្រគួរតែផ្ញើសារទៅកាន់សមាជិកព្រឹទ្ធសភា “ដោយប្រើគ្រប់មធ្យោបាយដែលអ្នកអាចគិតបាន” ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យបោះឆ្នោតឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ដូច្នេះលោកអាចបង្កើតរដ្ឋាភិបាលស្របតាម “អាណត្តិអ្នកបោះឆ្នោត” ។

ទោះ​ជា​យ៉ាង​ណា លោក​បាន​និយាយថា វិធីសាស្ត្រ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​បញ្ជូន​សារ​បែប​នេះ​គួរ​តែ​មាន​លក្ខណៈ​ស្ថាបនា។

នៅក្នុងវីដេអូ លោក Pita បាននិយាយថា សម្ព័ន្ធប្រាំបីគណបក្សដែលដឹកនាំដោយគណបក្ស Move Forward នឹង “ប្រយុទ្ធជាមួយគ្នានៅក្នុងការប្រយុទ្ធក្នុងសមរភូមិពីរ” ក្នុងការប៉ុនប៉ងដើម្បីបង្កើត “រដ្ឋាភិបាលរបស់ប្រជាជន” ។

លោកថា សមរភូមិទីមួយគឺការបោះឆ្នោតជុំបន្ទាប់នៅក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយសមរៅមិទីពីរគឺជាការជំរុញរបស់គណបក្សលោកក្នុងការកែប្រែរដ្ឋធម្មនុញ្ញ និងដកសមាជិកព្រឹទ្ធសភាពីអំណាចដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី៕ ប្រែសម្រួលៈ ណៃ តុលា

To Top