ព័ត៌មានជាតិ

លោក លឹម គានហោ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកពញាឮ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្សព្វផ្សាយគោល នយោបាយគណបក្ស និងណែនាំពីការគូសសន្លឹកឆ្នោត ជាមួយបងប្អូននិវត្តជន ​ក្នុងស្រុកពញាឮ

រូបភាពក្រុមការងារ

កណ្តាល ៖ ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ អស់លោក លោកស្រី ក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្សព្វផ្សាយគោល នយោបាយគណបក្ស និងណែនាំពីការគូសសន្លឹកឆ្នោត ជាមួយបងប្អូននិវត្តជន​ក្នុងស្រុកពញាឮ ខេត្តកណ្តាល ចំនួន ២៥០ នាក់ នាស្នាក់ការគណបក្សស្រុក ។

មានមតិសំណេះ សំណាលនាឱកាសនេះ លោកប្រធាន ក្រុមការងារ បានលើកឡើងថា ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កា នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្ម សង្គ្រាម មកជាមានការ អភិវឌ្ឍរីកចម្រើន ជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះ ទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ និងយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាក របស់បងប្អូននិវត្តជន ពិសេស ក្នុងការ កសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ។

ក្រោយ​ពី​ស្តាប់​នូវ​សំណូមពរ​ របស់​បងប្អូន​និវត្ត​ជន​លោក​ប្រធាន​ក្រុម​ការងារ​ បាន​ទទួល​យក​ និងសម្រេច​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ ជាមួយគ្នានេះ លោកប្រធាន ក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់បងប្អូននិវត្តជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកពញាឮ ប្តេជ្ញាបន្តគាំទ្រ នូវរាល់សកម្មភាព ដឹកនាំ របស់រាជរដ្ឋាភិបាលដោយឥតងាករេ និងសូមគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី ៧ និងអាណត្តិ បន្តបន្ទាប់ និង សូមគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងសូមអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលគណបក្ស កម្ពុជា មានលេខរៀងទី ១៨ ឲ្យបានគ្រប់ៗគ្នា ។​ បន្ទាប់​មក​ លោក​ប្រធាន​ក្រុម​ការងារ​ បានអញ្ជើញ​ចុះ​ដឹកនាំ​ហែរ​ក្បួន គណបក្ស​ក្នុង​ឃុំ​ទាំង​ ១​១​ ផងដែរ​ ៕

To Top