ព័ត៌មានអន្តរជាតិ

ភោជនីយដ្ឋានមួយនៅថៃ សរសេរលើបដាថា សមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតប្រឆាំងនឹងលោក Pita មិនត្រូវបានស្វាគមន៍ឡើយ

រូបភាពពី៖​ XINHUA

បរទេស៖ សមាជិកព្រឹទ្ធសភារបស់ថៃ បានវាយបកទៅលើអ្នកគាំទ្រគណបក្ស Move Forward Party (MFP) ដែលបានចាប់ផ្តើម យុទ្ធនាការប្រឆាំងនឹងក្រុមសមាជិកព្រឹទ្ធសភា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក Pita Limiaroenrat បរាជ័យក្នុងការទទួលបានការគាំទ្រឱ្យបានគ្រប់គ្រាន់នៅក្នុងសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន ២០៦ រូប ដែលចូលរួមការបោះឆ្នោតលើការតែងតាំងនាយករដ្ឋមន្ត្រីលើបេក្ខភាពរបស់លោក Pita នៅក្នុងសភា គឺមាន ១៣ រូបបានបោះឆ្នោតគាំទ្រ, ១៣រូប ប្រឆាំង និង ១៥៩ អនុប្បវាទ ខណៈដែលសមាជិកព្រឹទ្ធសភាចំនួន ៤៣ នាក់ផ្សេងទៀតអវត្តមាន។

បន្ទាប់ពីបោះឆ្នោតរួច អ្នកគាំទ្រលោក Pita បានបង្ហោះនៅលើបណ្តាញសង្គម ដោយវាយប្រហារទៅលើក្រុមសមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតប្រឆាំង ឬអនុប្បវាទ លើលោក Pita ដោយថា “ធុរកិច្ចរបស់សមាជិកព្រឹទ្ធសភា” កំពុងមាននិន្នាការនៅលើ Twitter កាលពីថ្ងៃសុក្រ ដោយមានជាង ១ លាន tweets ។

ក្រុមអ្នកគាំទ្រគណបក្ស Move Forward បានបង្ហាញពីអាជីវកម្មដែលជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភា រួមមានទីផ្សារ ក្រុមហ៊ុនធានារ៉ាប់រង គ្លីនិកកែសម្ផស្ស ក្រុមបាល់ទាត់ និងស្ថានីយ៍ប្រេងឥន្ធនៈ។

រូបភាពរបស់ភោជនីយដ្ឋានដែលមានបដាដែលសរសេរថា “សមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតប្រឆាំងនឹងលោក Pita ឬអនុបវាទ មិនត្រូវបានស្វាគមន៍ឡើយ” ក៏បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

សរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ លោកស្រី Khunying Porntip Rojanasunan ដែលបានបោះអនុប្បវាទបានថ្កោលទោសអ្នកគាំទ្ររបស់ MFP ដែលបានយាយីសមាជិកព្រឹទ្ធសភានិងគ្រួសាររបស់ពួកគេ ក៏ដូចជាអ្នកដែលមានមតិផ្ទុយគ្នា។

លោកស្រី បានសរសេរថា “បន្ទាប់ពីការបោះឆ្នោត គឺមានយុទ្ធនាការមួយត្រូវបានចាប់ផ្តើមដោយប្រើពាក្យប្រមាថ [ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា]”។ អ្នក​ខ្លះ​បាន​បង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែងក្លាយ​ដែល​អះអាង​ថា​ ជា​របស់​លោកស្រីដោយ​សារ​វាយ​ប្រហារ​ MFP ដែល​ទាក់ទាញ​ការ​រិះគន់​ពី​អ្នក​គាំទ្រ​។

លោកស្រី Khunying Porntip បានសរសេរថា លោកស្រីបាន​លើក​បញ្ហា​នេះ​ជាមួយ​តំណាង​របស់ MFP ដែល​បាន​បញ្ជូន​ទៅ​ស្វែងរក​ការ​គាំទ្រ​របស់​លោកស្រីសម្រាប់​លោក Pita ។ លោកស្រីថា “ពួកគេបាននិយាយថា ពួកគេក៏មិនយល់ស្របដែរ [ជាមួយសកម្មភាពរបស់អ្នកគាំទ្រ] ប៉ុន្តែ ពួកគេមិនដឹងពីរបៀបដោះស្រាយជាមួយបញ្ហារបស់អ្នកគាំទ្រទាំងនោះយ៉ាងម៉េចដែរ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top