បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានបើកការសន្ទនាគ្នាមួយជាមួយនឹងសមភាគីប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាគំនិតផ្តួចផ្តើម នៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន ព្រមទាំងកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិ គឺជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃជំនួបគ្នាលើកនេះ។
លោកPutin បានប្រាប់មេដឹកនាំអាហ្រ្វិកខាងត្បូង ថា កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរវាងទីក្រុងមូស្គូ និងគៀវ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួគី កាលពីក្នុងរដូវក្តៅឆ្នាំ២០២២កន្លងនៅតែមិនទាន់សម្រេចគោលបំណង របស់ខ្លួនតាមគោលដៅដែលចង់បាននៅឡើយទេ។
លោកបាននិយាយទៀតថា ទំនិញកសិកម្មដែលគួរត្រូវបានបញ្ជូនទៅប្រទេសក្រីក្រ ក្រោមកិច្ចព្រមព្រៀងនោះមិនបានដល់ពួកគេទេ ហើយក្នុងនោះរួមទាំងទំនិញនៅទ្វីបអាហ្រ្វិក ផង៕ ប្រែសម្រួល៖ស៊ុនលី