បរទេស៖ មិនដល់រយៈពេល១ខែផងក្រោយការធ្វើការបះបោល ដោយយោធានៅក្នុងប្រទេសរុស្សី សមាជិក នៃក្រុមទាហានស៊ីឈ្នួល Wagner កំពុងមានវត្តមាននៅក្នុងប្រទេសបេឡារូស និងចាប់ផ្តើមធ្វើការហ្វឹកហាត់ និងចែករំលែកបទពិសោធនៅសមរភូមិជូនក្រុមកងកម្លាំងយោធាបេឡារូស ផងដែរ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា កងកម្លាំងយោធាបេឡារូសនិងក្រុមអ្នកជំនាញរបស់ Wagner ក៏បានធ្វើការរួមគ្នារៀបចំផែនទីបង្ហាញផ្លូវ Road Map សម្រាប់កិច្ចការងារហ្វឹកហាត់និងចែករំលែកបទពិសោធដូចគ្នានេះទៅវគ្គក្រោយៗផងដែរ។
គួរឲ្យដឹងដែរថា កងទ័ព Wagner កំពុងធ្វើការហ្វឹកហាត់ឲ្យកងកម្លាំងការពារទឹកដីបេឡារូស បែបប្រយុទ្ធក្នុងសមយុទ្ធនៅជិតទីក្រុង Osipovichi នៅភាគកណ្តាលនៃប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ដោយកងកម្លាំងយោធាបេឡារូស បានឱ្យដឹងដែរថា សមយុទ្ធនេះផ្តោតជាសំខាន់ លើចលនាយុទ្ធសាស្ត្រនៅទូទាំងសមរភូមិ ក៏ដូចជាអាវុធ វិស្វកម្ម និងការបណ្តុះបណ្តាលជំនួយដំបូងជាដើមផងដែរ៕ ប្រែសម្រួល៖ស៊ុនលី