ព័ត៌មានអន្តរជាតិ

លោក Putin ៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោម របស់អាមេរិក ឲ្យអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្ម

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិក បានផ្គត់ផ្គង់នៅលើសមរភូមិនោះរុស្សី នឹងប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការសងសឹងតាមគ្រប់រូបភាពវិញជាមិនខាន។

យោងតាមការចេញផ្សាយរបស់ RT លោក Putin ក៏បានលើកឡើងផងដែរអំពីការសម្រេចចិត្ត របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន នោះគឺជាទង្វើខុសច្បាប់និងជាសកម្មភាពឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិនិងក៏ដូចជាកិច្ចព្រមព្រៀង​ ដែលបានធ្វើឡើងដោយក្រុមប្រទេសទាំងជាង១០០នោះផងដែរ។

លោក Putin បានបញ្ជាក់ទៀតថា៖ រដ្ឋបាលសហរដ្ឋអាមេរិកខ្លួនឯងបានផ្តល់ការវាយតម្លៃអំពីគ្រាប់បែកទាំងនេះតាមរយៈបុគ្គលិករបស់ខ្លួនកាលពីមួយរយៈមុនដោយហៅការប្រើប្រាស់ នៃគ្រាប់បែកទាំងនេះជាឧក្រិដ្ឋកម្ម។

ជាក់ស្តែងប្រធានាធិបតីរុស្សី បានសំដៅទៅលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយអតីតលេខាធិការសារព័ត៌មានសេតវិមាន Jen Psaki នៅចុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន ដែលក្នុងនោះលោកស្រីបាននិយាយថា ការប្រើប្រាស់អាវុធដ៏ចម្រូងចម្រាសនេះអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម៕ ប្រែសម្រួល៖ស៊ុនលី

To Top