ភ្នំពេញ ៖ ក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន២នាក់។ នេះបើតាមដីការរបស់លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ១៦ កក្កដា។
មន្រ្តីទាំង២រូបនោះរួមមាន ៖ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្សភ្លើងទៀន ឃាត់ខ្លួនករណីញុះញង់ឲ្យប្រជាពល រដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។
ដីការបន្តថា ជនសង្ស័យទាំង២នាក់ ត្រូវបានដាក់ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។
ការឃាត់ខ្លួននេះ ធ្វើឡើងមុនបោះឆ្នោត១អាទិត្យ ។
សម្រាប់បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ចេញយោបល់ដែរថា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់លោក សម រង្ស៊ីជាជនក្បត់ជាតិ៣ ជំនាន់ដែលជាទណ្ឌិត។
សម្តេចតេជោចោទសួរថា តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?។
ក្រោយការចាប់ខ្លួនមន្រ្តីខ្លួននាថ្ងៃ១៦ កក្កដាគណបក្សភ្លើងទៀនបានចេញសេចក្តីការណ៍បង្ហាញការភ្ញាក់ផ្អើល និងអំពាវនាវឲ្យសមត្ថកិច្ចដោះលែងសមាជិកខ្លួនទាំង២នាក់ផងដែរ៕