ព័ត៌មានអន្តរជាតិ

មន្ត្រីយោធាកំពូលអ៊ីរ៉ង់ អះអាងថា ឥទ្ធិពលរបស់អាមេរិក និងលោកខាងលិច កំពុងធ្លាក់ចុះ

រូបភាពពី៖​ AFP

តេអេរ៉ង់៖ មន្ត្រីយោធាកំពូលអ៊ីរ៉ង់ ម្នាក់បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលជាមហាអំណាចពិភពលោក កំពុងធ្លាក់ចុះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។

ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយលោក Asim Munir នាយសេនាធិការកងទ័ពប៉ាគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Baqeri បានឲ្យដឹងថា មហាអំណាចពិភពលោក កំពុងផ្លាស់ប្តូរឆ្ពោះទៅរកអាស៊ី និងបូព៌ា ទោះបីជាមាន “ភាពក្រអឺតក្រទមជាសកល” ដែលសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារការកើតឡើងនៃសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត។

លោកបានលើកឡើងថា អ៊ីរ៉ង់ និងប៉ាគីស្ថាន គឺជាប្រទេសសំខាន់ពីរ នៃពិភពលោកមូស្លីម និងអាស៊ីខាងលិច ដែលមានបញ្ហាព្រំដែនរួម និងសន្តិសុខរួមគ្នា ដូចជាផលវិបាកនៃការដកទ័ព “គ្មានការទទួលខុសត្រូវ” របស់សហរដ្ឋអាមេរិក ពីអាហ្វហ្គានីស្ថាននៅឆ្នាំ២០២១ បន្ទាប់ពីការកាន់កាប់រយៈពេល ២០ឆ្នាំ។

លោក Baqeri ក៏បានលើកឡើងពីភាពចាំបាច់ នៃការអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង រវាងប្រទេសទាំងពីរ ដើម្បីធានាសន្តិសុខតាមព្រំដែនរួម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top