បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការវិវត្តនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Matthew Miller ត្រូវបានធ្វើឡើងទាក់ទងនឹងពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នាដែលប្តឹងដោយមេដឹកនាំគណបក្ស Move Forward និង បេក្ខភាពនាយករដ្ឋមន្រ្តីលោក Pita Limjaroenrat ដែលបានឈ្នះអាសនៈសមាជិកសភាច្រើនជាងគេនៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា។
លោក Miller បានឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការវិវត្តនយោបាយថៃ បន្ទាប់ពីការបោះឆ្នោតក្នុងកិច្ចប្រជុំសារព័ត៌មានជាប្រចាំថា សហរដ្ឋអាមេរិកមិនមានបេក្ខជនពេញចិត្តក្នុងការបោះឆ្នោតថៃទេ។
លោកថា «យើងមិនគាំទ្រគណបក្ស ឬអ្នកនយោបាយណាមួយទេ។ អ្វីដែលយើងគាំទ្រគឺលទ្ធិប្រជាធិបតេយ្យពហុបក្ស និងដំណើរការក្រោយការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនថៃ និងគាំទ្រអនាគតប្រជាធិបតេយ្យ និងវិបុលភាពសម្រាប់ប្រទេសថៃ»។
លោកបន្តថា សហរដ្ឋអាមេរិកកំពុង “មើលការវិវឌ្ឍន៍ក្រោយការបោះឆ្នោត នោះរួមបញ្ចូលទាំងការវិវត្តន៍ថ្មីៗក្នុងប្រព័ន្ធច្បាប់ ដែលជាការព្រួយបារម្ភ»។ តុលាការធម្មនុញ្ញកំពុងដំណើរការបណ្តឹងប្រឆាំងនឹងលោក Pita និងគណបក្ស Move Forward សម្រាប់ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ឬច្បាប់ប្រមាថព្រះមហាក្សត្រ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតក៏បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ អំពីការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Pita ដែលត្រូវបានហាមឃាត់ដោយច្បាប់បោះឆ្នោតរបស់ប្រទេសថៃ។
ករណីទាំងពីរនេះបាននាំឱ្យមានការព្រួយបារម្ភអំពីសិទ្ធិរបស់ Pita ដើម្បីក្លាយជាសមាជិកសភា និងលទ្ធភាពនៃការរំលាយគណបក្សរបស់លោក ដែលស្រដៀងនឹងអ្វីដែលបានកើតឡើងចំពោះអ្នកកាន់តំណែងមុនរបស់ខ្លួន គឺគណបក្សអនាគតឆ្ពោះទៅមុខក្នុងឆ្នាំ ២០២០៕ ប្រែសម្រួលៈ ណៃ តុលា