សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ដោយបានបាញ់ទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៥០ គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំង ២គ្រាប់ប្រហែលជាបានធ្វើដំណើរលើគន្លងមិនទៀងទាត់។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីក្បែរតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ៣ និង៣០ព្រឹកដល់ម៉ោង ៣ និង ៤៦នាទីទៀបភ្លឺ។
លោក Hamada បានលើកឡើងថា រដ្ឋាភិបាលជប៉ុន មិនបានទទួលរបាយការណ៍អំពីការខូចខាតដល់យន្តហោះ ឬកប៉ាល់បន្ទាប់ពីការបាញ់បង្ហោះ និងបានដាក់ការតវ៉ា ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈបណ្តាញការទូតនោះទេ។
ចំណាត់ការចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំលើកដំបូង នៃក្របខ័ណ្ឌក្រុមប្រឹក្សានុយក្លេអ៊ែររបស់ពួកគេនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ហើយបានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នា និងការក្លែងធ្វើសង្គ្រាម ដើម្បីរារាំងកូរ៉េខាងជើង ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលផ្លោងបានធ្វើដំណើរទៅកាន់កំពង់ផែកូរ៉េខាងត្បូង ក្នុងថ្ងៃតែមួយ។ ក្រុងព្យុងយ៉ាង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ឥន្ធនៈរឹងកាលពីសប្តាហ៍មុន ដែលបានកំណត់ពេលវេលាហោះហើរជាកំណត់ត្រា សម្រាប់ការបាញ់សាកល្បងដោយប្រទេសនេះ៕ ប្រែសម្រួល ឈូក បូរ៉ា