ព័ត៌មានអន្តរជាតិ

ADB ដឹកនាំកម្មវិធីសកល ១១៥លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការបំពុលឆ្នេរ

Xinhua

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកផ្តល់ប្រាក់កម្ចីពហុភាគី ជាច្រើនបានចាប់ដៃគូ ដើម្បីដឹកនាំកម្មវិធីសកលមួយ ដើម្បីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងអាងទន្លេ។

កម្មវិធីសមាហរណកម្មមហាសមុទ្រស្អាត និងសុខភាពល្អ ដែលមានថវិកាចំនួន ១១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការរួមគ្នាដោយ ADB ធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) ធនាគារអឺរ៉ុប សម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD) និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ(FAO) ។

កម្មវិធីនេះនឹងផ្តោតលើការទប់ស្កាត់ ការបំពុលតាមឆ្នេរសមុទ្រនៅប្រភព ធ្វើអោយប្រសើរឡើងនូវការ អនុវត្តប្រកបដោយនិរន្តរភាពលើដី និងនៅក្នុងជម្រកសមុទ្រ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ADB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ផ្ទៃដី ២០ម៉ឺនហិកតា និងជម្រកសត្វសមុទ្រ ១៤,៣ លានហិកតា ខណៈពេលដែលកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥,៦ លានតោន។

លោក Bruno Carrasco អគ្គនាយកនៃនាយកដ្ឋាន បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍន៍និរន្តរភាពរបស់ ADB បានឲ្យដឹងថា “កម្មវិធីនេះជាជំហានឆ្ពោះទៅមុខ ដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងការបំពុលតាមឆ្នេរសមុទ្រ” ដោយបន្ថែមថាកម្មវិធីនេះ “នឹងជួយការពារជីវចម្រុះសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់សេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព ដើម្បីជួយបន្តកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top