គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ “សញ្ញាផ្លូវការ” ទៅកាន់អង្គការសហប្រជាជាតិ និងតួកគីទាក់ទងនឹងការបន្ត នៃកិច្ចព្រមព្រៀងនេះ។
លោក ហ្សេឡិនស្គី បានលើកឡើងថា ក្រុមហ៊ុនដែលជាម្ចាស់កប៉ាល់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ប្រសិនបើអ៊ុយក្រែន និងតួកគី នឹងអនុញ្ញាតឱ្យឆ្លងកាត់នាវា។
កាលពីខែកក្កដាឆ្នាំមុន អ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាដាច់ ដោយឡែកពីគ្នាជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការនាំចេញអាហារ ពីកំពង់ផែអ៊ុយក្រែនទៅកាន់ ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ។
ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀងត្រូវបានបន្តជាច្រើនដង ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែកក្កដា។ នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានឲ្យដឹងថា រុស្ស៊ីជំទាស់នឹងការបន្ត កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
