ព័ត៌មានអន្តរជាតិ

Update: លោក Pita នៅតែត្រូវតែងតាំង ជាបេក្ខភាពនាយករដ្ឋមន្រ្តី ទោះបីតុលាការធម្មនុញ្ញ ព្យួរសមាជិកភាពសភាពីលោក

AFP

បរទេស៖ ចៅក្រមទាំង៩រូបរបស់តុលាការ ធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទ ព្យួរប្រធានគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីសមាជិកសភា បន្ទាប់ពីតុលាការបានបោះឆ្នោត ទទួលយកញត្តិពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រឆាំងនឹងរូបលោកសម្រាប់ការ ត្រួតពិនិត្យតាមផ្លូវតុលាការ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការធម្មនុញ្ញាថៃបានប្រកាសថា លោក Pita ត្រូវបានព្យួរតំណែងជាសមាជិកសភា ក្នុងបញ្ជីគណបក្ស រហូតដល់តុលាការចេញសាលក្រម ក្នុងករណីដែល EC បានចោទប្រកាន់ Pita ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ពីបទកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ។

ការសម្រេចចិត្តនេះ បានរារាំងលោក Pita ពីការចូលសភា ក្នុងនាមជាសមាជិកសភា ប៉ុន្តែលោកនៅតែអាចត្រូវបានគេ តែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី និងចូលរួមសម័យប្រជុំបោះឆ្នោត លើបេក្ខភាពរបស់លោកដដែល។

កាលពីថ្ងៃពុធសប្តាហ៍មុន EC បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីយកមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញដើម្បីសុំឱ្យតុលាការធម្មនុញ្ញ លុបចោលឋានៈសមាជិកសភារបស់លោក Pita ក្រោមការសង្ស័យថា លោកបានកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុង iTV Plc ។

តុលាការបានប្រកាសថា ចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទថា ញត្តិរបស់ EC ត្រូវបានគាំទ្រដោយភស្តុតាង ដែលថាចុងចោទមិនមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការដាក់ពាក្យសុំ ធ្វើជាបេក្ខជនក្នុងការបោះឆ្នោត ហើយជាលទ្ធផលពួកគេបានទទួលយកញត្តិ សម្រាប់ការពិនិត្យរបស់តុលាការ។

យ៉ាងណាក៏ដោយ លោក Pita មានពេល ១៥ ថ្ងៃដើម្បីផ្តល់សក្ខីកម្ម និងបញ្ជូនភស្តុតាង ទៅតុលាការក្នុងការការពារខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top