ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការបោះឆ្នោត នៅកម្ពុជា បានលុបបំបាត់អំពើហិង្សា

រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ហើយការចូលរួម របស់ពលរដ្ឋ ក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សា ក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួម ពីគណបក្ស នយោបាយនានា ។

រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង

នាឱកាសអនុញ្ញាត ជូនប្រតិភូបេសកកកម្ម សង្កេតការណ៍បោះឆ្នោត នៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ជួបសម្ដែងការគួរសម ដឹកនាំដោយលោក Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូត នៃអង្គការ OIM នាថ្ងៃ១៩ កក្កដា សម្ដេច ស ខេង បានលើកឡើង អំពីដំណើរ ការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះ កម្ពុជាបានដំណើរការបោះឆ្នោត ជាសកលចំនួន២ គឺការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តដែលកំពុងដំណើរការនីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នីតិកាលទី៥ កាលពីឆ្នាំ២០២២ ។

សម្ដេចបន្ថែមថា នៅកម្ពុជាក៏មានការបោះឆ្នោត មិនផ្ទាល់ចំនួន២ទៀតដែរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរ ការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង

សម្ដេចគូសបញ្ជាក់ថា «ជាទូទៅនៅកម្ពុជាក្នុងរយៈពេល ៣ទសវត្ស ចុងក្រោយនេះ ពីការបោះឆ្នោត មួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខ កាន់តែប្រសើរឡើង ការចូលរួម របស់ពលរដ្ឋ ក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សា ក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្ស នយោបាយនានា»

សម្ដេច ស ខេង បន្ដថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។

រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង

លោក Desire NYARUHIRIRA បានលើកឡើងថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំង រៀបចំការបោះឆ្នោត អង្គការ OIF តែងចាត់បញ្ជូនប្រតិភូ ចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះ គឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព ៕

To Top