ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកម៉ារ៉ុក ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ បានជាង៨០០នាក់ចេញពីដែនសមុទ្រ

រូបភាពពី៖​ XINHUA

RABAT៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានឈ្មោះថា MAP របស់ប្រទេសម៉ារ៉ុក បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹករបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់បានចំនួន៨៥៤នាក់ គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែកក្កដា នៅឯឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងអាត្លង់ទិក ។

សារព័ត៌មាន MAP បានផ្សាយថា មនុស្សប្រហែល៤០០នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងទឹកនៃឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ារ៉ុក ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Spanish Canary ក្នុងដែនមហាសមុទ្រអាត្លង់ទិក ។

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលភាគច្រើនមកពីបណ្តាប្រទេសអនុតំបន់វាលខ្សាច់សាហារ៉ា បានជួបប្រទះការលំបាកក្នុងទូកបណ្ដោះអាសន្ន តាមកាយ៉ាក និងស្គីទឹក ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ពួកគេត្រូវបានផ្ទេរទៅកាន់កំពង់ផែរបស់ម៉ារ៉ុកដែលនៅជិតបំផុត ហើយបានប្រគល់ទៅឱ្យអាជ្ញាធរសន្តិសុខដែលមានសមត្ថកិច្ចចាត់ការបន្ត ។

សេចក្តីរាយការណ៍ខាងលើនេះមិនបានបង្ហាញពីព័ត៌មានលម្អិតអំពីជនអន្តោប្រវេសន៍ផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះក្នុងសប្តាហ៍កន្លងមកនោះឡើយ ។

គេបានដឹងថា ប្រទេសម៉ារ៉ុក បានក្លាយជាប្រទេស ដែលមានការឆ្លងកាត់ច្រើនសម្រាប់ជនចំណាកស្រុកអាហ្វ្រិក ដែលស្វែងរកការទៅកាន់តំបន់អឺរ៉ុប ។

បើយោងតាមស្ថិតិផ្លូវការ ប្រទេសម៉ារ៉ុក បានរារាំងការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់បានចំនួន៧០.៧៨១នាក់ដែលពួកគេថ្វើដំណើរឆ្ពោះទៅកាន់ទឹកដីអឺរ៉ុប នៅក្នុងឆ្នាំ២០២២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top