ព័ត៌មានជាតិ

លោក ស៊ី ជីនពីង ផ្ដល់សារៈសំខាន់ខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា

រូបភាព៖ CCTV

ភ្នំពេញ៖ លោក ស៊ី ជីនពីង (Xi Jiping) ប្រធានាធិបតីចិន បានអះអាងថា លោកនៅតែផ្ដល់សារៈសំខាន់ខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ជូនប្រជាជនប្រទេសទាំងពីរ។

តាមរយៈសារលិខិតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា លោក ស៊ី ជីនពីង បានលើកឡើងថា តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមលោកផ្ទាល់ មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ថ្វាយព្រះករុណា និងតាមរយៈព្រះករុណា ជូនចំពោះប្រជាជនកម្ពុជា ជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឬក្ស នៃខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

លោកបន្ថែមថា រយៈពេល៦៥ឆ្នាំមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតករបស់ព្រះករុណា ព្រះបាទសម្តេច ព្រះអវត្តម សីហនុ “ព្រះបរមកោដ្ឋ” ក្នុងកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា-ចិនដែលអាចចាត់ទុកបានថា ចិនមាតុភូមិទី២ ដែលតែងតែស្វាគមន៍ព្រះអង្គ។

លោកបន្តថា នៅដើមឆ្នាំនេះ ព្រះករុណា និងលោក បានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោកស៊ី ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ ដោយបានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជារីកចម្រើនយ៉ាងស៊ីជម្រៅ និងក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាព នៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆានិងអង្ករ” ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាព ចិន-កម្ពុជា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ ទំនងការទូត។

លោកបញ្ជាក់ថា «ខ្ញុំផ្ដល់សារៈសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ជូនប្រជាជន នៃប្រទេសទាំងពីរ»៕

To Top