បរទេស៖ កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងជួបបញ្ហាលំបាកមួយទៀតគឺការប្រើប្រាស់បច្ចេកវិទ្យាអាវុធ ដែលបានផ្តល់ឲ្យដោយសហរដ្ឋអាមេរិកជាពិសេសក្នុងអំឡុងពេលដែលត្រូវការគ្រឿង បន្លាស់សម្រាប់ជួសជុលសំភារៈយោធាទាំងនោះ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមួយក្នុងចំណោមបញ្ហាដែលយោធាអ៊ុយក្រែន កំពុងជួបប្រទះនោះគឺជាការផ្លាស់ប្តូរគ្រឿងបន្លាស់ នៃរថយន្តយោធារបស់អាមេរិក ប្រភេទ Bradleyដែលអ៊ុយក្រែនមើលឃើញថា វាតែងតែមានជួបបញ្ហាជាប្រចាំទោះបីបានជួសជុលហើយក្តីនិងក៏ដូចជាបញ្ហា នៃការស្នើសុំគ្រឿងបន្លាស់បន្ថែមពីអាមេរិក ផងដែរ។
កងកម្លាំងយោធារបស់អ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះជាច្រើននាក់បានប្រាប់ក្រុមអ្នកកាសែតថា ពេលខ្លះរថយន្តយោធាប្រភេទ Bradley នេះដល់ទៅ៦គ្រឿងត្រូវទទួលរងការខូចខាត នៅត្រង់ចំណុចទីតាំងតែមួយក៏មានដែរជាពិសេសតំបន់ក្បែរសមរភូមិប្រយុទ្ធដ៏សំខាន់ៗ។
កងទ័ពអ៊ុយក្រែនក៏ថែមទាំងរៀបរាប់លម្អិតអំពីរបៀបដែលពួកគេត្រូវធ្វើការស្នើសុំជាផ្លូវការសម្រាប់គ្រឿងបន្លាស់ទៅកាន់មេបញ្ជាការរបស់ពួកគេ ដែលជឿជាក់ថា មានស្តុកទុកបំរុងមានចំនួនកំណត់ប៉ុណ្ណោះ មិនអាចបំពេញតាមតំរូវការទាំងស្រុងនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី