រសៀលថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិនដើម្បីសិក្សាស្រាវជ្រាវអំពីការការពារដីស្រែនិងកែច្នៃប្រើប្រាស់ដីអំបិលនិងអាល់កាឡាំងនិងបញ្ហាផ្សេងទៀត។
លោក Xi Jinping បានគូសបញ្ជាក់ថា សន្តិសុខស្បៀងជាកិច្ចការចម្បងរបស់រដ្ឋ ហើយដីស្រែជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើនផលស្បៀង ដូច្នេះត្រូវតែបង្កើនការការពារដីស្រែយ៉ាងប្រាកដប្រជា លើកកម្ពស់យ៉ាងពេញទំហឹង នូវគុណភាពដីស្រែ និងត្រួសត្រាយឱកាសខាងផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មចម្រុះនៃវិស័យកសិកម្ម។
កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវតែធានាជាក់លាក់ឱ្យមានទំហំដីស្រែមិនតិចជាង ១២០ លានហិកតា អភិវឌ្ឍដីស្រែទៅជាដីស្រែល្អបែបទំនើប ត្រូវអភិវឌ្ឍប្រភពមិនមែនដីស្រែប្រពៃណីគ្រប់ប្រភេទយ៉ាងសកម្ម ហើយបង្កើនការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការវិនិយោគផលិត៕
វិទ្យុមិត្តភាពកម្ពុជាចិន