ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន អំពាវនាវឱ្យមានការដោះស្រាយ លើជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសន្តិវិធី

រូបភាពពី៖​ AFP

ឥស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Bilawal Bhutto Zardari បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយ ដោយសន្តិវិធី នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈការសន្ទនា និងការចូលរួម។

លោក Zardari បានឲ្យដឹងនៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នារបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថាជម្លោះដ៏អូសបន្លាយនាំមកនូវការលំបាក និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនស៊ីវិល។

លោក Zardari បានលើកឡើងថា “ដូច្នេះ យើងសង្ឃឹមថា សន្តិភាពនឹងស្ថិតស្ថេរ ដូច្នេះប្រជាជនអ៊ុយក្រែន និងរុស្ស៊ី អាចទទួលបានចំណែកសន្តិភាព” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានធានាចំពោះរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អំពីការត្រៀមខ្លួនរបស់ប៉ាគីស្ថាន ក្នុងការគាំទ្រគំនិតផ្តួចផ្តើមសន្តិភាព ដែលអាចនាំមកនូវសន្តិភាពដល់តំបន់។

លោក Zardari បានបន្ដថា ក្នុងនាមជាប្រទេសមួយនៅក្នុងតំបន់ ដែលមានការប្រែប្រួល ប៉ាគីស្ថានយល់ពីរបៀប ដែលជម្លោះក្នុងតំបន់យូរអង្វែងអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខសមូហភាព ដោយបន្ថែមថា ជម្លោះអ៊ុយក្រែន ក៏បាននាំមកនូវការលំបាក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងសកលលោកខាងត្បូង ជាពិសេសទាក់ទងនឹងកង្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងជី។

លោកបន្ថែមថា “ប៉ាគីស្ថាន មិនមានករណីលើកលែងនោះទេ​ ដូច្នេះយើងមានផលប្រយោជន៍ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សាឡើងវិញ ហើយយើងសង្ឃឹម សម្រាប់ការដោះស្រាយជម្លោះ ដោយសន្តិវិធីតាមរយៈការសន្ទនា និងការទូត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top