ព័ត៌មានអន្តរជាតិ

លោក ពូទីន ពង្រីកការហាមឃាត់​លើការនាំចូល និងការនាំចេញរបស់រុស្ស៊ី ​រហូតដល់ឆ្នាំ២០២៥

Xinhua

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយពង្រីកការហាមឃាត់ ពីមុនលើការនាំចូល និងនាំចេញវត្ថុធាតុដើម និងទំនិញមួយចំនួនរបស់រុស្ស៊ី រហូតដល់ឆ្នាំ២០២៥ នេះបើយោងតាមឯកសារ ដែលបានចេញផ្សាយនៅលើវិបផតថលព័ត៌មាន ផ្លូវច្បាប់របស់ប្រទេសនេះ។

ក្រឹត្យស្តីពីការអនុវត្ត “វិធានការសេដ្ឋកិច្ចពិសេស ក្នុងសកម្មភាពសេដ្ឋកិច្ចបរទេស ក្នុងគោលបំណងធានាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី” ត្រូវបានចុះហត្ថលេខាដំបូង ដោយប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។ វាបានកំណត់ការរឹតបន្តឹងលើការនាំចេញ និងការនាំចូលលើវត្ថុធាតុដើម និងផលិតផលមួយចំនួនពីប្រទេសរុស្ស៊ី។

ក្រឹត្យនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការធ្វើវិសោធនកម្មនាពេលថ្មីៗនេះ លោក ពូទីន បានបន្តបន្តក្រឹត្យនេះជាផ្លូវការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បញ្ជីផលិតផលដែលក្រោយមក ត្រូវបានចងក្រងដោយរដ្ឋាភិបាល រួមមានបច្ចេកវិទ្យា ទូរគមនាគមន៍ បរិក្ខារពេទ្យ និងអគ្គិសនី គ្រឿងយន្តកសិកម្ម ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ខ្សែកាបអុបទិក ម៉ាស៊ីនកែច្នៃដែក ក្នុងចំណោមផលិតផលផ្សេងៗទៀត។

ការរឹតបន្តឹងក៏ត្រូវបានដាក់លើ ការនាំចេញឈើប្រភេទមួយចំនួន ទៅកាន់ប្រទេស ដែលមិនរាក់ទាក់។ រដ្ឋាភិបាលបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីការពារទីផ្សារក្នុងស្រុក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top