បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានរារាំង ផែនការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី និងកំពុងអំពាវនាវឲ្យមានការយល់ព្រមលើការចំណាយយោធាបន្ថែម ដើម្បីពង្រីកកងនាវាផ្ទាល់ខ្លួនរបស់អាមេរិកជំនួសវិញ។
ប្រភពដដែលបានបញ្ជាក់ទៀតដែរថាសមាជិកសភាដែលកំពុងនាំមុខគេនៅក្នុងយុទ្ធនាការមួយនេះគឺលោក Roger Wicher ដែលជាសមាជិកដ៏សំខាន់ម្នាក់ នៃគណកម្មការ នៃយោធាហើយលោកបានលើកឡើង នូវទស្សននេះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងជំនួបមួយជាមួយនឹងក្រុមអ្នកកាសែតក្នុងស្រុក។
លោកបានពោលបែបនេះថា៖ វាជារឿងសមហេតុសមផលប្រសិនបើអាមេរិក មាននាវាមុជទឹកខ្លួនឯងគ្រប់គ្រងជាមុនសិន មុននឹងធ្វើការលក់អាវុធប្រភេទនេះទៅឲ្យប្រទេសផ្សេង(កិច្ចព្រមព្រៀង AUKUS) ហើយប្រធានាធិបតីគួរតែដាក់លិខិតស្នើសុំក្នុងការទិញនាវាមុជទឹកបន្ថែមសិនមុននឹងប្រគល់នាវាមុជទឹកថ្មីទាំងនោះទៅឲ្យអូស្រ្តាលី។
ទោះបីជាលោក Wicker មិនបានបកស្រាយទេថា តើត្រូវចំណាយប៉ុន្មានដើម្បីផលិតនាវាទាំងនោះ ប៉ុន្តែលោកបានបន្ថែមថា សេតវិមានក៏ត្រូវតែអនុម័ត ផែនការសម្រាប់មូលដ្ឋានឧស្សាហកម្មដើម្បីទៅដល់គោលដៅដែលត្រៀមរៀបចំនេះ ។
លោកបានបន្តទៀតថា គាត់មានបំណងផ្ញើលិខិតមួយទៅប្រធានាធិបតី Joe Biden ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីដោះស្រាយករណីរបស់គាត់ រួមជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ទៀតដែលមានឈ្មោះថា Susan Collins៕ ប្រែសម្រួល៖ស៊ុនលី