បរទេស៖ គណបក្សភឿថៃហាក់ដូចជាគ្មានជម្រើសអ្វីក្រៅពីបោះបង់ចោលគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward ប្រសិនបើខ្លួនចង់បង្កើតរដ្ឋាភិបាលបន្ទាប់។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះបានក្លាយជាភាពច្បាស់លាស់ បន្ទាប់ពីគណបក្ស ឆាត ថៃ ប៉ាតាណា បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនធ្វើការក្នុងក្រុមចម្រុះដែលមានគណបក្សចលនាឆ្ពោះទៅមុខ ឡើយ។
គណបក្ស Move Forward បានឈ្នះដោយសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា និងមានអាសនៈសមាជិកសភាចំនួន១៥១ បន្ទាប់មក គឺគណបក្សភឿថៃ ទទួលបានអាសនៈ ១៤១។
នាយកប្រតិបត្តិកំពូលរបស់ភឿថៃ បានជួបជាមួយនឹងសមភាគីគណបក្ស ឆាត ថៃ ប៉ាតាណា កាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីកិច្ចប្រជុំមេដឹកនាំគណបក្ស ឆាត ថៃ ប៉ាតាណា លោក វ៉ារ៉ាវុធ ស៊ីលប៉ា អាឆា (Varawut Silpa-archa) បានប្រកាសថាគណបក្សរបស់លោកនឹងមិនធ្វើការជាមួយនរណាម្នាក់ដែលគ្រោងនឹងប៉ះពាល់លើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ។
លោក វ៉ារ៉ាវុធ បាននិយាយយ៉ាងច្បាស់ដោយសំដៅទៅលើ គណបក្សចលនាឆ្ពោះទៅមុខ ដោយមិនប្រាប់ឈ្មោះ។
គណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward បានជាប់គាំងដោយការសន្យាអំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ ដូច្នេះវាមិនអាចប្រើជាឧបករណ៍នយោបាយបានទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសម្តងហើយម្តងទៀតរបស់គណបក្សនេះបានធ្វើឱ្យមានការខឹងសម្បារចំពោះជំរុំអ្នកអភិរក្ស ជាពិសេសសមាជិកព្រឹទ្ធសភាដែលជឿថា គណបក្សចលនាឆ្ពោះទៅមុខកំពុងប្រកាន់ជំហរប្រឆាំងនឹងរបបរាជានិយម។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីរសៀលថ្ងៃអាទិត្យ មេដឹកនាំបក្សភឿថៃលោក ចូលណាន ស្រីកែវ (Cholnan Srikaew) បានថ្លែងអំណរគុណដល់លោក វ៉ារ៉ាវុធ ដែលបានយល់ព្រមជួប ដោយនិយាយថា គណបក្សរបស់លោកត្រូវការការគាំទ្រទាំងអស់ដែលខ្លួនអាចទទួលបានដើម្បីបំពេញតួនាទីរបស់នាយករដ្ឋមន្ត្រីនៅឯការបោះឆ្នោតសភារួមគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខ។
លោក ចូលណាន បានប្រាប់សារព័ត៌មានថា គណបក្ស ឆាត ថៃ ប៉ាតាណា មិនត្រូវបានអញ្ជើញឱ្យចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃទេ ប៉ុន្តែគ្រាន់តែសម្រាប់គាំទ្រនៅថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា គណបក្សភឿថៃត្រូវបានផ្តល់ការងារក្នុងការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា និងគណបក្សនៅក្រៅប្លុកដើម្បីគាំទ្រខ្លួន។
សម្ព័ន្ធភាពនេះកំពុងសម្លឹងមើលភាគីនានាដែលជាដៃគូ នៃសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត ដែលកំពុងចាកចេញ៕ ប្រែសម្រួលៈ ណៃ តុលា