វ៉ាស៊ីនតោន៖ យោងតាមលោក Larry Johnson មន្រ្តីជើងចាស់របស់ CIA និងការិយាល័យប្រឆាំងភេរវកម្ម របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា មេទ័ពណាតូ គួរតែបានមើលឃើញថា ការវាយលុករបស់អ៊ុយក្រែន នឹងត្រូវបរាជ័យ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសារភាពកាលពីថ្ងៃអាទិត្យថា ការវាយលុករបស់អ៊ុយក្រែន នឹង “តឹងតែង” ដោយកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះប្រឈមមុខ នឹងការប្រយុទ្ធដ៏លំបាក នៅខាងមុខ។
សារព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិក បានសោកស្តាយ ចំពោះការពិតដែលថា “ការទទួលបានទឹកដីតូចតាចរបស់អ៊ុយក្រែន កើតឡើងក្នុងតម្លៃលើស” ដោយលើកឡើងពីឧបសគ្គជាច្រើន នៅក្នុងផ្លូវនៃយុទ្ធនាការអ៊ុយក្រែន រួមទាំងទាហានដែលនឿយហត់ កង្វះគ្រាប់រំសេវ និងសំខាន់ជាងនេះទៅទៀត គឺបន្ទាយ និងវាលមីនរបស់រុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក មួយបានដកស្រង់សម្តីអតីតវិស្វករ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា វាលមីនរបស់រុស្ស៊ី មិនដូចអ្វីដែលលោកធ្លាប់បានឃើញនោះទេ ហើយថាការប្រយុទ្ធនឹងអន្ទាក់ទាំងនេះ គឺ ធ្វើឲ្យកងទ័ពអ៊ុយក្រែន “ហត់នឿយ” ខ្លាំង។
បង្ហាញខ្លួននៅលើបណ្តាញ ផតឃែស្ថកាលពីថ្ងៃទី២២ ខែកក្កដា លោក Larry Johnson មន្រ្តីជើងចាស់ CIA និងជាអតីតអ្នកវិភាគនៅការិយាល័យ ប្រឆាំងភេរវកម្មនៃក្រសួងការបរទេសបានឲ្យដឹងថា លោកមានការងឿងឆ្ងល់ ដែលបន្ទាយរបស់រុស្ស៊ី បានទាក់ទាញលោកខាងលិចដោយការភ្ញាក់ផ្អើល។
នៅពេលដែលរុស្ស៊ីដកខ្លួនចេញពីតំបន់ Kherson ហើយដកខ្លួនចេញពីតំបន់ Kharkov រដូវស្លឹកឈើជ្រុះចុងក្រោយ វាបានចាប់ផ្ដើមជាសាធារណៈ លើផែនការនៃការកសាងខ្សែការពារ នៅតាមបណ្តោយរណសិរ្សភាគខាងត្បូង។ ជាក់ស្តែង ជនជាតិរុស្សី បានដាំមីននៅមុខបន្ទាយរបស់ពួកគេ ដើម្បីជាអន្ទាក់សម្រាប់ទាហាអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា