ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា ចាប់តាំងពីបើកការវាយបក អ៊ុយក្រែន បាត់បង់ទាហានជាង ២៦០០០នាក់

AFP

ម៉ូស្គូ៖ ក្រុងគៀវ បាន​ចាប់ផ្តើម​ការវាយលុក​របស់ខ្លួន ​នៅ​ថ្ងៃទី៤ ខែមិថុនា បន្ទាប់ពី​ត្រូវបាន​បំពាក់អាវុធ​ធុន​ធ្ងន់​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ណាតូ។ ក្នុងរយៈពេលមួយខែកន្លះ កងកម្លាំងអ៊ុយក្រែន មានការបង្ហាញតិចតួច សម្រាប់ប្រតិបត្តិការរបស់ពួកគេ ក្រៅពីការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងកងទ័ព និងឧបករណ៍។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបាត់បង់ទាហានជាង ២៦,០០០នាក់ នៅក្នុងវគ្គនៃការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក ពូទីន ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអាទិត្យថា “យោងតាមការប៉ាន់ស្មាន របស់សហរដ្ឋអាមេរិក ការខាតបង់ ដែលមិនអាចទទួលបានមកវិញ នៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន មានចំនួនជាង ២៦០០០នាក់” ។

លោកពូទីន បានឆ្លើយតបថា “វានឹងកាន់តែច្រើន”។ លោក ពូទីន ក៏បានអត្ថាធិប្បាយផងដែរ អំពីប្រតិបត្តិការរបស់ទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធនៅខាងអ៊ុយក្រែន ដោយថាពួកគេបានទទួលការខាតបង់ យ៉ាងធ្ងន់ធ្ងរដោយសារតែ “ភាពឆោតល្ងង់” របស់ពួកគេ។

លោក ពូទីន បានបន្ថែមថា “សមាជិកនៃសាធារណជនទូទៅនៃប្រទេស ដែលរដ្ឋាភិបាលកំពុងបញ្ជូន មនុស្សទៅតំបន់ជម្លោះនៅថ្ងៃនេះ ក៏គួរតែដឹងពីអ្វីដែលកំពុងកើតឡើងនៅទីនោះដែរ។ ហើយយើងនឹងនាំយករឿងនេះទៅកាន់ ប្រជាជនឲ្យយកចិត្តទុកដាក់ ដើម្បីឱ្យពួកគេអាចវាយតម្លៃ សកម្មភាពរបស់មេដឹកនាំរបស់ពួកគេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top