ព័ត៌មានជាតិ

លោក សុខ ឥសាន អស់សំណើច អាមេរិក ដាក់ទណ្ឌកម្មកម្ពុជា ក្រោយមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ហើយវាយតម្លៃដូចគ្រូទាយ

ភ្នំពេញ ៖ ក្រោយការបោះឆ្នោត ជាសកល របស់កម្ពុជា លើកទី៧បានបញ្ចប់ ហើយប្រកាស លទ្ធផលរួចភ្លាមៗ មានមតិជាតិ និងអន្តរមួយចំនួន ដែលជាអ្នកប្រឆាំង បានបញ្ចេញប្រតិកម្ម ដោយសម្តែងការមិនពេញចិត្ត ជាពិសេសសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម លើមន្រ្តីជាន់ខ្ពស់កម្ពុជា និងកាត់ជំនួយជាដើម ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអស់សំណើច ដែលខ្លួនមិនដាក់ អ្នកសង្កេតការណ៍ផង តែបែរជាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយថែមទាំងដាក់ទណ្ឌកម្មទៀត ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Matthew Miller បានចេញសេចក្ដីថ្លែងការណ៍មួយ នាថ្ងៃ២៣ កក្កដា បង្ហាញការសោកស្តាយ ចំពោះការបោះឆ្នោត នៅកម្ពុជា ហើយបានប្រកាស ដាក់ទណ្ឌកម្មលើកម្ពុជា តាមរយៈការរឹតត្បិតទិដ្ឋាការ ឬវីសា លើមន្ត្រីជាន់ខ្ពស់ និងផ្អាកផ្ដល់ជំនួយមួយចំនួន ដល់កម្ពុជាផងដែរ ។

តាមរយៈកិច្ចសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៥ កក្កដា លោក សុខ ឥសាន បានឆ្លើយតបភាគីអាមេរិក មិនទទួលស្គាល់ លទ្ធផលបោះឆ្នោតនៅកម្ពុជាថា “គួរឲ្យចង់អស់សំណើចណាស់ ដែលអត់មានដាក់អ្នកសង្កេតការណ៍មក ត្រួតពិនិត្យដំណើរការបោះឆ្នោត ជាក់ស្តែង នៅក្នុងទឹកដីកម្ពុជា បែរជាវាយតម្លៃដូចគ្រូទាយ ។ នេះជាបញ្ហាមួយ ដែលយើងហួសចិត្ត ព្រោះការវាយតម្លៃណា ដែលអត់មានដាក់អ្នសង្កេតការណ៍ ឲ្យមកត្រួតពិនិត្យទៅលើការជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើងមិនអាចយកជាការបានទេ” ។

លោកថា បរទេសណា ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍ មកពិនិត្យលើការបោះឆ្នោត គឺមិនអាចវាយតម្លៃលើការបោះឆ្នោត នៅកម្ពុជាបានទេ ហើយក៏គ្មានពលរដ្ឋ ជឿលើការវាយតម្លៃ ទាំងអយុត្តិធម៌ ដែរ ។

ចំពោះការដាក់ទណ្ឌកម្មមកលើកម្ពុជា លោកសុខ ឥសាន មិនចាប់អារម្មណ៍នោះទេ ព្រោះជាសិទ្ធិរបស់គេ ប៉ុន្តែកម្ពុជា មិនស្លាប់ដោយសារតែការដាក់ ទណ្ឌកម្មនោះដែរ ។

ងាកមកលទ្ធផល បោះឆ្នោតវិញ គឺគណបក្សប្រជាជនកម្ពុជា បានទទួល១២០អាសនៈ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ប៉ុន្តែលទ្ធផលបណ្តោះអាសន្ន បង្ហាញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មតិប្រឆាំងបានចោទប្រកាន់ថា ជាល្ខោនរៀបចំ ដោយសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស តែលោកសុខ ឥសានថា មតិអស់ទាំងនេះគឺជាការប្រមាថដល់ឆន្ទះពលរដ្ឋដែល ជាម្ចាស់ឆ្នោត ។

សម្រាប់ការគូសន្លឹកឆ្នោតចោលវិញ អ្វីជាការកត់សម្គាល់ ដែលផ្តោតជាសំខាន់ជាងគេ គឺ គូសខ្វែង ចោលដែលលោក សម រង្ស៊ី អះអាងថា មានរហូតដល់ខ្ទង់៤លានសន្លឹក តែ គ.ជ.ប ថា មានតែជាង ៤៤ម៉ឺនសន្លឹក ។ ករណីនេះ លោកសុខ ឥសានថា សន្លឹកឆ្នោតមិនបានការជាង៤៤ម៉ឺននេះ ដោយសារតែប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា ពួកគាត់គូសច្រឡំប៉ុណ្ណោះ ។

លោកពន្យល់ថា “នេះជារឿងធម្មតា នៃដំណើរការបោះឆ្នោត នៅក្នុងលទ្ធិប្រជាធិបតេយ្យវាតែងតែ មានប្រជាពលរដ្ឋ មានការយល់ច្រឡំ ដោយលោកយាយលោកតាចាស់ៗ មានបញ្ហាស្មារតីគាត់គូសច្រឡំទៅ”

To Top