បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា សាកសពទាហានជើងទឹក របស់កងម៉ារីន អាមេរិកចំនួនបីនាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តមួយ ដែលចតនៅខាងក្រៅ ហាងទំនិញមួយកន្លែង នៅជិតមូលដ្ឋានយោធា Camp Lejeune ក្នុងរដ្ឋ North Carolina។
អជ្ញាធរក្នុងតំបន់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សាកសពត្រូវបានគេរកឃើញ នៅព្រឹកថ្ងៃអាទិត្យនៅឯស្ថានីយ៍ចាក់ប្រេង Speedway ក្នុងទីក្រុង Hampstead រដ្ឋ North Carolina ហើយការប្រទះឃើញនៅនឹង រថយន្តរបស់ពួកគេ នេះធ្វើឡើងខណៈក្រុមមន្ត្រី កំពុងស៊ើបអង្កេតរបាយការណ៍ នៃការបាត់ខ្លួនរបស់ពួកគេ ។
ទាំងមន្ត្រីអជ្ញាធរ និងកងកម្លាំង ម៉ារីនផងទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនបានបង្ហាញ ពីព័ត៌មានណាមួយអំពីមូលហេតុ នៃការស្លាប់ដែលអាចកើត មាននោះទេ។
គួរឲ្យដឹងដែរថាករណីនេះ ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានស៊ើបអង្កេតដោយក្រុមមន្ត្រី ការិយាល័យតម្រួត ដោយមានជំនួយពីសេវាស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃកងទ័ពជើងទឹកអាមេរិកផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី