បរទេស៖ មូលនិធិថវិកាអន្តរជាតិហៅកាត់ថា IMF កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា កំណើនសេដ្ឋកិច្ចសកលនឹងអាច មានការធ្លាក់ចុះបន្តិចពី៣,៥ភាគរយ កាលពីឆ្នាំ២០២២ មកត្រឹមតែ៣ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះនិងឆ្នាំក្រោយ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួបានបង្ហាញអំពី ការព្យាករណ៍ទៀតថាដោយឡែកចិន នឹងបន្តរក្សាកំណើនដូចការព្យាករណ៍ លើកមុនប្រមាណជា៥,២ភាគរយ នៅក្នុងឆ្នាំ២០២៣ ហើយ៤,៥ភាគរយ នៅក្នុងឆ្នាំ២០២៤។
IMF នៅក្នុងការព្យាករណ៍ទុកចុងក្រោយនេះដែរ បានបានឲ្យដឹងទៀតថា ខណៈពេលដែលការព្យាករណ៍សម្រាប់ឆ្នាំ២០២៣ គឺខ្ពស់ជាងការព្យាករណ៍ ក្នុងខែមេសាកន្លងមកក្តី ប៉ុន្តែវាត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងកម្រិតខ្សោយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការកើនឡើងនៃអត្រាគោលនយោបាយ របស់ធនាគារកណ្តាលដើម្បីប្រយុទ្ធប្រឆាំងនឹង អតិផរណានៅតែបន្តប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច។
ក្នុងនោះផងដែរ IMF មើលឃើញថាអត្រាអតិផរណា របស់សកលលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៨,៧ ភាគរយ ក្នុងឆ្នាំ២០២២មកត្រឹម ៦,៨ ភាគរយក្នុងឆ្នាំ២០២៣និង ៥,២ ភាគរយនៅឆ្នាំ២០២៤៕
ប្រែសម្រួល៖ ស៊ុន លី