បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Aleksey Reznikov បានសន្យាថា នឹងបន្តវាយប្រហារ គោលដៅរុស្ស៊ី នៅតំបន់ Crimea រួមទាំងគោលដៅស្ពាន Crimean ដោយនិយាយថា ការវាយប្រហារ នឹងកាត់បន្ថយសមត្ថភាព របស់ទីក្រុងម៉ូស្គូក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំង របស់ទីក្រុងគៀវ ។
យោង តាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Reznikov បានធ្វើការអត្ថាធិប្បាយ នៅក្នុងបទ សម្ភាសន៍របស់ CNN ដែលបានចាក់ផ្សាយ កាលពីថ្ងៃច័ន្ទដោយលើកហេតុផលថា ការវាយប្រហារលើស្ពាន និងគោលដៅផ្សេងទៀតនៅតំបន់ Crimean នឹងជួយសង្រ្គោះជីវិត របស់ពលរដ្ឋអ៊ុយក្រែន ។ លោកបាននិយាយថា “វាជាយុទ្ធសាស្ត្រធម្មតា ក្នុងការបំផ្លាញខ្សែដឹកជញ្ជូន របស់សត្រូវរបស់អ្នក ដើម្បីបញ្ឈប់ជម្រើស ក្នុងការទទួលបានគ្រាប់រំសេវ ដើម្បីទទួលបានឥន្ធនៈ កាន់តែច្រើន ដើម្បីទទួលបានអាហារ កាន់តែច្រើន។ល។” “នោះហើយជាមូលហេតុ ដែលយើងនឹងប្រើយុទ្ធសាស្ត្រ ទាំងនេះប្រឆាំងនឹងពួកគេ” ។
ប្រតិបត្តិករអ៊ុយក្រែន បានកំណត់គោលដៅ ម្តងហើយម្តងទៀតលើស្ពាន Crimean របស់រុស្ស៊ីដែលតភ្ជាប់ Crimea ទៅឧបទ្វីប Taman ក្នុងតំបន់ Krasnodar ។ ការវាយប្រហារចុងក្រោយបំផុត ដែលធ្វើឡើង កាលពីសប្តាហ៍មុនដោយយន្តហោះ គ្មានមនុស្សបើកពីរគ្រឿង នៅលើសមុទ្រ បានសម្លាប់ប្តីនិង ប្រពន្ធមកពីតំបន់ Belgorod និងធ្វើឱ្យកូនស្រីអាយុ ១៤ ឆ្នាំ របស់ពួកគេរងរបួស ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅឧប្បត្តិហេតុនេះថាជា “ការវាយប្រហារភេរវកម្មមួយទៀត ដោយរបបក្រុងគៀវ” ។
កងកម្លាំងរុស្ស៊ីបានឆ្លើយតប ដោយការបើកការ វាយប្រហារ តាមអាកាសប្រឆាំង នឹងគោលដៅយោធានៅ Odessa រួមទាំងកំពង់ផែសមុទ្រខ្មៅ របស់ទីក្រុងផងដែរ ។ លោក Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយថា ការវាយប្រហារ នៅ Odessa បង្ហាញថា រុស្ស៊ីគឺជា “រដ្ឋភេរវករ” ដោយមិនអើពើនឹងការពិតដែលថាអ្នកស្លាប់និង របួសតែមួយគត់នៃការវាយប្រហារច្រក Kerch របស់អ៊ុយក្រែនគឺជាជនស៊ីវិល។ លោកបានបន្ថែមថា “ពួកគេបានព្យាយាមពន្យល់ថា វាជាការឆ្លើយតប ចំពោះការបំផ្ទុះមួយចំនួននៅក្នុងទឹកដី របស់ពួកគេ ប៉ុន្តែពួកគេកំពុងប្រយុទ្ធជាមួយជនស៊ីវិល។ ហេតុនេះហើយបាន ជាខ្ញុំហៅពួកគេថាជាចោរ ចាប់រំលោភ និងសម្លាប់»៕
ប្រែសម្រួលៈ ណៃ តុលា
ប្រភព ៖ AFP