បរទេស៖ យន្តហោះចម្បាំងរុស្ស៊ី ដែលកំពុងហោះហើរលើទឹកដីស៊ីរី ត្រូវបានចោទប្រកាន់ថា បានបាញ់ផ្លោងផ្កាភ្លើងទៅលើយន្តហោះ MQ-9 Reaper របស់អាមេរិក ដែលធ្វើឱ្យខូចខាតដល់ តួយន្តហោះគ្មានមនុស្សបើកនេះ នៅក្នុងឧបតិហេតុហោះប្រកៀកគ្នា ចុងក្រោយបំផុត ដែលត្រូវបានបរិហារដោយកងកម្លាំង កាន់កាប់ខុសច្បាប់របស់សហរដ្ឋអាមេរិកថា “មិនប្រុងប្រយ័ត្ន” និង “គ្មានវិជ្ជាជីវៈ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះរុស្ស៊ី បានហោះក្នុងចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រ ពីយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលបញ្ជាការកណ្តាលនៃ កងទ័ពអាកាសអាមេរិក (AFCENT) បានអះអាងថា កំពុងហោះហើរក្នុងបេសកកម្មប្រឆាំងភេរវកម្ម ។ បញ្ជាការនេះបានបង្ហោះវីដេអូ ដែលបង្ហាញពីយន្តហោះចម្បាំង ដែលហោះពីលើយន្តហោះគ្មានមនុស្សបើក និងបានបាញពង្រាយ អណ្តាតភ្លើងនៅក្នុងផ្លូវរបស់វា។
បើតាម AFCENT ដែលបានបង្ហោះរូបថត ដែលបង្ហាញភស្តុតាងនៃការខូចខាត គឺថា តួរបស់ Drone រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រតិបត្តិករបញ្ជាពីចម្ងាយនៃ យានអវកាសគ្មានមនុស្សបើក (UAV) គឺអាចរក្សាការគ្រប់គ្រង និងហោះហើរយន្តហោះត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួនវិញ។
MQ-9 Reapers ត្រូវបានគេចោទថា បង្ខំឱ្យធ្វើសមយុទ្ធគេចខ្លួន នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី បានទម្លាក់គ្រាប់ភ្លើងពីចម្ងាយ កាលពីដើមខែនេះ។ នៅពេលនោះ កងកម្លាំងអាមេរិកបានអះអាងថា ពួកគេកំពុងមើលឃើញ “កម្រិតថ្មីនៃសកម្មភាពគ្មានវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព ដោយកងកម្លាំងអាកាសរុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី”។ AFCENT បានអះអាងថា កាលពីសប្តាហ៍មុន យន្តហោះចម្បាំងរុស្ស៊ី Su-35 ក៏បានបង្កគ្រោះថ្នាក់ដល់ក្រុមនាវិក នៃយន្តហោះឈ្លបយកការណ៍ MC-12 របស់សហរដ្ឋអាមេរិកផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា