ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីមានចលនារារាំង ឬញុះញង់ប្រជាពលរដ្ឋ ឲ្យបំផ្លាញការបោះឆ្នោត ក៏ដោយ ប៉ុន្ដែពលរដ្ឋ ចេញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧រហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើន ជាងអាណត្តិមុនៗ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២៦ កក្កដា ។
នាឱកាសអញ្ជើញទទួលជួបលោក រ៉េម៉ាន់ដូ ភីរេរ៉ា (H.E.Mr. Raimundo PEREIRA) ប្រធានគណៈប្រតិភូសហគមន៍ សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង បានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា ចប់ការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅក្នុងការិយាល័យ បោះឆ្នោតនោះតែម្តង ។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ មានសិទ្ធិសង្កេតមើលដំណើរ នៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ រហូតដល់ចប់ ។
ប្រធាន គ.ជ.ប បន្ដថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ត្រូវបានបិទផ្សាយមួយច្បាប់ នៅមុខការិយាល័យរាប់សន្លឹកឆ្នោត រួចផ្ញើមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មួយច្បាប់ ដើម្បីបញ្ជូនបន្តមក គ.ជ.ប ធ្វើការផ្សព្វផ្សាយ។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ មានសិទ្ធិថតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងមកទទួលយក ទ.១១០២ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
ប្រធាន គ.ជ.ប គូសបញ្ជាក់ថា «ទោះបីមានចលនារារាំង ប្រជាពលរដ្ឋ ញុះញង់ប្រជាពលរដ្ឋឲ្យបំផ្លាញការបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោត រហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើនជាងការបោះឆ្នោតមុនៗ។ អ្នកសង្កេតការណ៍អន្ដរជាតិ មានជាង ៤០០នាក់»។
នាឱកាសនោះដែរ លោក រ៉េម៉ាន់ដូ ភីរេរ៉ា បានសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅ ដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋកម្ពុជា ៕