ប៊ូដាប៊ែស ៖ មេដឹកនាំគណបក្ស នយោបាយស្តាំនិយមហុងគ្រី ចលនាមាតុភូមិយើង លោក Laszlo Toroczkai បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការពង្រីកអង្គការអូតង់ ទៅកាន់ចុងបូព៌ា បម្រើផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងបំផ្លាញអរិយធម៌អឺរ៉ាស៊ី ។
លោកបានលើកឡើងថា “យើងជាមូលដ្ឋានប្រឆាំង នឹងការពង្រីកអង្គការណាតូ ទៅកាន់ចុងបូព៌ា ពីព្រោះវាធ្វើឱ្យភាពតានតឹងដ៏គ្រោះថ្នាក់ និងធ្វើឱ្យខូចខាតកាន់តែខ្លាំងឡើង រវាងផ្នែកខាងលិច និងភាគខាងកើត នៃអរិយធម៌របស់យើង។
លោក Toroczkai បានបន្ដថា ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនេះ ប៉ះពាល់ដល់ការខូចខាតយ៉ាងច្រើន ដល់អរិយធម៌អឺរ៉ាស៊ី ដែលរុស្ស៊ីជាផ្នែកមួយ។
ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសនេះមិនមានចេតនាឈ្លានពាន ចំពោះរដ្ឋណាមួយឡើយ ខណៈដែល អង្គការណាតូ មានគោលបំណងពង្រីកទៅក្នុងលំហក្រោយសូវៀត ដើម្បីបង្កជម្លោះនៅជិតព្រំដែនរុស្ស៊ី ។
លោក Laszlo Toroczkai ក៏បានឲ្យដឹងផងដែរថា គណបក្សនយោបាយស្តាំនិយម ជ្រុលហុងគ្រី ចលនាមាតុភូមិយើង ដែលលោកដឹកនាំនឹងបោះឆ្នោតប្រឆាំង នឹងការចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត ហើយអំពាវនាវឱ្យសភាធ្វើការវេតូ ការពង្រីកសម្ព័ន្ធភាពនេះ ។
លោក Toroczkai បានបន្ថែមថា “យើងច្រានចោលទាំងស្រុង នូវការពង្រីករបស់ណាតូ ហើយនឹងបោះឆ្នោតប្រឆាំងនឹងវា ដូចយើងបានធ្វើជាមួយនឹង ការបោះឆ្នោតប្រឆាំងនឹងការចូល នៃប្រទេសហ្វាំងឡង់” ។ អ្នកនយោបាយរូបនេះ បានបន្ថែមថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងមិនផ្អែក លើសកម្មភាពរបស់មន្ត្រីស៊ុយអែតនោះទេ ប៉ុន្តែនៅលើស្ថានការណ៍ នយោបាយពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា