ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យល់ព្រមឲ្យសមាគមឧកញ៉ា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងចាត់ចែង ឯកសណ្ឋាន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមឲ្យ សមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាព នូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ របស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ នៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបែបនេះធ្វើឡើងតាមសំណើ របស់អ្នកឧកញ៉ា លី យ៉ុងផាន់ ប្រធានសមាគម ឧកញ៉ាកម្ពុជា នូវសំណើរសុំផ្ដល់សិទ្ធិ ដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ អ្នកទទួល បានគោរមងារឧកញ៉ា និងរៀបចំចាត់ចែង ឯកសណ្ឋានផ្លូវការ របស់អ្នកទទួលបានគោរមងារ ឧកញ៉ាទាំងអស់នៅកម្ពុជា។

យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ផ្តល់សិទ្ធឲ្យសមាគម ឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែង ឯកសណ្ឋានផ្លូវការរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា»។

សូមរំលឹកថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ហើយបច្ចុប្បន្នសមាគមឧកញ៉ា កម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធាន កិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ធ្វើជាប្រធាន៕

To Top