ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ​ប្រារព្ធខួបលើកទី៧០ នៃបទឈប់បាញ់ សង្គ្រាមកូរ៉េ

ប្រភព ៖ Kyodo

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយគណៈប្រតិភូចិន និងរុស្ស៊ី នៅក្នុងការបង្ហាញ ជាក់ស្តែង នៃការរួបរួមចំពេលការប្រកួតប្រជែង របស់ពួកគេជាមួយសហរដ្ឋអាមេរិក។

ទីក្រុង​ព្យុងយ៉ាង ​អាច​ធ្វើ​ព្យុហយាត្រា​យោធា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បើ​យោង​តាម​ប្រភព​ដែល​ស្គាល់​ទំនាក់ទំនង​អន្តរកូរ៉េ។ គណៈប្រតិភូ ដែលត្រូវបានបញ្ជូន ដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាក្រុមបរទេស ដែលគេស្គាល់ដំបូងគេ ដែលត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីការបិទព្រំដែន របស់ប្រទេសនេះក្នុងឆ្នាំ២០២០ ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលកំពុងដឹកនាំគណៈប្រតិភូទីក្រុងមូស្គូ បានជួបពិភាក្សាជាមួយ សមភាគីកូរ៉េខាងជើង លោក Kang Sun Nam និងបានយល់ព្រមពង្រឹង កិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយហៅទីក្រុងព្យុងយ៉ាង ថាជា “ដៃគូដ៏សំខាន់” ។ ក្រុមចិន ដឹកនាំដោយលោក Li Hongzhong សមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច ។

មានលទ្ធភាពដែល Shoigu និង Li នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ប្រសិនបើសម្រេចបាន កិច្ចពិភាក្សារបស់ពួកគេ នឹងក្លាយជាទំនាក់ទំនងលើកដំបូងរវាងលោក គីម និងមន្ត្រីការបរទេសជាន់ខ្ពស់ ចាប់តាំងពីមេដឹកនាំរូបនេះ បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតំបន់គ្មានយោធាបែងចែកកូរ៉េទាំងពីរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ចាប់តាំងពីខែមករា ឆ្នាំ២០២០ មក ប្រទេសកូរ៉េខាងជើង បានរក្សាព្រំដែនបិទជិតទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។ ទីក្រុងព្យុងយ៉ាងអះអាងថា សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ក្នុងជ័យជម្នះរបស់ខ្លួនលើកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។

នៅក្នុងជម្លោះដែលបានចាប់ ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ជាមួយនឹងការលុកលុយរបស់កូរ៉េខាងជើង ក្នុងគោលបំណងបង្រួបបង្រួម ក្រោមរបបកុម្មុយនិស្ត កងកម្លាំងអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រយុទ្ធជាមួយកូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើង ដែលគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top