ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​ត្រៀម​ថវិកាជាង ១ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ២០២៣ សម្រាប់​ផលិត​យន្តហោះ​ដ្រូន

ប្រភព ៖ AFP

គៀវ ៖ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបែងចែកប្រាក់ចំនួន ៤០ ពាន់លាន hryvnias (ប្រហែល ១,១ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំនេះ ដើម្បីអភិវឌ្ឍការផលិតយន្តហោះដ្រូនរបស់ខ្លួន ។

លោក Shmyhal បានថ្លែងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ថា បច្ចុប្បន្ននេះក្រុមហ៊ុនអ៊ុយក្រែនជាង ៤០ ដែលផលិតយន្ដហោះដ្រូន (UAVs) បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ចំនួនក្រុមហ៊ុនផលិតយន្តហោះដ្រូន ក្នុងប្រទេសអ៊ុយក្រែន បានកើនឡើងច្រើនជាង ៤ដងកាលពីឆ្នាំមុន ដែលជំរុញ ដោយការវិនិយោគ របស់រដ្ឋាភិបាល និងការលើកទឹកចិត្ត ។

លោក Shmyhal បានបន្ដថា ជាពិសេស រដ្ឋាភិបាល បានលុបបំបាត់របាំងគយ សម្រាប់ការនាំចូលគ្រឿងបន្លាស់ សម្រាប់យន្តហោះដ្រូន និងបង្កើនចំណែកប្រាក់ចំណេញ របស់ក្រុមហ៊ុន ផលិតយន្ដហោះដ្រូន UAV ដល់ ២៥ភាគរយ។ យោងតាម Shmyhal ក្នុងឆ្នាំ២០២២ អ្នកផលិតដ្រូនអ៊ុយក្រែន បានទាក់ទាញការ វិនិយោគប្រហែល ១១០ លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top