ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះមនុស្ស២១នាក់ ក្រោយពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត ។
ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចាប់ពី ១០ ទៅ១៥លានរៀល ចំពោះបុគ្គលទាំង២១នាក់ បន្ទាប់ពីពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល កាលពីថ្ងៃបោះឆ្នោត នាថ្ងៃ២៣ កក្កដា។
ក្រោយបញ្ចប់បើកសវនាការ ជំនុំជម្រះជាសាធារណៈលើបណ្ដឹង និងសំណុំរឿងចំនួន៥ ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នាថ្ងៃ២៧ កក្កដា លោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បានរកឃើញយ៉ាងពិតប្រាកដមែន អីចឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មានការពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់បន្ថែម ហើយជាខ្លឹមសារសរុប ខ្ញុំ ជម្រាបជូនបានថា អង្គសវនាការនៃគ.ជ.ប បានសម្រេចតម្កល់របស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរាជធានី-ខេត្ត រៀបបំការបោះឆ្នោតទុកជាបានការ នៅតែរក្សាការដាក់ពិន័យ បង់ប្រាក់ ក្នុងនោះ ចាប់ពី១០ ទៅ ១៥លានរៀល ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងមានការដកសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតជាបន្ដទៀត»។
សូមរំលឹកថា ពាក្យបណ្ដឹងទាំង៥ ខាងលើនេះ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត៕