តាំងពីសម័យបុរាណមក ជនជាតិចិនក៏មានមហិច្ឆតា ជម្នះឧបសគ្គតាមផ្លូវទឹក ពិសេសតាមលំហសមុទ្រ និងមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលប្រកបដោយគ្រោះថ្នាក់ ព្រោះវាអាចនឹងកើតមានហេតុភូត ជាច្រើនដែលនឹកស្មានមិនដល់ ។
កាលពីយុគថ្មរំលីង បុព្វបុរសចិនក៏ចេះធ្វើទូកកានូនិងក្បូន ហើយធ្វើដំណើរតាមសមុទ្រ ដើម្បីយកឈ្នះលើលំហទឹកដ៏លាតសន្ធឹង និងឆ្ងាយដាច់កន្ទុយភ្នែក ។ ភាពអង់អាចក្លាហាននិងតម្រិះប្រាជ្ញារបស់ពួកគេបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ នៃវិស័យនាវាចរណ៍របស់ប្រទេសចិន នៅជំនាន់ក្រោយៗ ។
លុះចំណេរតមក ស្របនឹងការវិវឌ្ឍនៃសម័យកាល សមត្ថភាពផលិតនាវារបស់ចិនក៏កាន់តែចាស់ទុំទៅៗ ។ ចូលដល់សម័យសាមកុក នគរ អ៊ូ ក៏អាចផលិតសំពៅចម្បាំង ដែលមានប្រាំជាន់ អាចផ្ទុកកងទ័ព ៣០០០ នាក់ ។ ក្នុងសម័យនោះ ប្រេសិតរបស់នគរ អ៊ូ ក៏បានធ្វើដំណើរ តាមសំពៅទៅ ដល់ប្រទេសជាច្រើន ដែលបូករួមទាំងនគរវ្នំ (កម្ពុជា) ផងដែរ ។ លុះចូលដល់សម័យរជ្ជកាលម៉េង លោក ចឹង ហឺ ដែលជាប្រេសិតចិន បានធ្វើដំណើរតាមសំពៅ ដែលផលិតដោយប្រទេសចិន តាមមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាចំនួន ៧ ដង ដែលបានទៅកាន់ប្រទេសជាង ៣០ ។ ការធ្វើនាវាចរណ៍ទាំង ៧ លើកនេះ បានផ្ទុកមនុស្សសរុបជិត ៣ ម៉ឺននាក់ ដែលបានបង្ហាញ ពីសមត្ថភាពដ៏ខ្លាំងក្លា ផ្នែកផលិតនាវារបស់ប្រទេសចិន កាលនោះ ។
លុះសម័យបដិវត្តន៍ ឧស្សាហកម្មនៅបស្ចិមប្រទេស វិស័យឧស្សាហកម្មរបស់ប្រទេសលោកខាងលិចបានរីកចម្រើនខ្លាំងជាងប្រទេសលោកខាងកើត ក្នុងនោះឧស្សាហកម្មផលិតនាវា របស់លោកខាងលិចក៏បានដើរលឿនជាងលោកខាងកើតយ៉ាងច្រើន ដោយពួកគេអាចផលិត កប៉ាល់ខ្នាតធំ ដែលអាចធ្វើដំណើរជុំវិញពិភពលោក ហើយសឹងតែគ្រប់គ្រងផ្តាច់មុខក្នុងទីផ្សារឧស្សាហកម្មផលិតកប៉ាល់ ទេសចរណ៍រហូតមកទល់បច្ចុប្បន្ន ។
យ៉ាងណាមិញ ក្នុងនាមជាប្រទេស ដែលចេះផលិតឧបករណ៍ សម្រាប់ធ្វើដំណើរតាមផ្លូវទឹកដំបូង បង្អស់លើពិភពលោក ប្រទេសចិនក៏បានខិតខំប្រឹងប្រែង ក្នុងការស្រាវជ្រាវនិងផលិតកប៉ាល់ ទេសចរណ៍ខ្នាតធំ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងទីផ្សារឧស្សាហកម្មផលិត កប៉ាល់ទេសចរណ៍ពិភពលោក និងបំពេញ តម្រូវការ ក្នុងស្រុកផងដែរ ។ អាស្រ័យហេតុនេះ នៅឆ្នាំ ២០១៩ គម្រោងផលិតកប៉ាល់ ទេសចរណ៍ខ្នាតធំដំបូងបង្អស់ របស់ចិន បានចាប់ដំណើរការ ។ ឆ្លងតាមរយៈការផលិតនិងធ្វើតេស្តលើមុខងារ គ្រប់ប្រភេទដែលចំណាយពេលជាង ៣ ឆ្នាំ ពោលគឺនៅថ្ងៃទី ៦ ខែមិថុនា កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City របស់ប្រទេសចិនបានបរចេញពីអ៊ូកប៉ាល់ដោយជោគជ័យ ដែលជាសញ្ញាបង្ហាញថា កប៉ាល់នេះអាចដាក់ ឱ្យធ្វើនាវាចរណ៍បានហើយ ។
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ កប៉ាល់ទេសចរណ៍ ខ្នាតយក្សឈ្មោះ Adora Magic City បានចាកចេញពីកំពង់ផែ ដើម្បីធ្វើនាវាចរណ៍សាកល្បង ជាលើកដំបូង ហើយនៅ ៨ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ២៤ ខែកក្កដា កប៉ាល់នេះបានបរចូលទៅចត នៅកំពង់ផែក្រុងសៀងហៃដោយរលូន ។ ការធ្វើនាវាចរណ៍សាកល្បង លើកដំបូងបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេសដែលមានន័យថា កប៉ាល់ទេសចរណ៍នេះ អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បាននៅគ្រប់ពេល ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City មានបណ្តោយសរុប ៣២៣,៦ ម៉ែត្រ ទទឹង ៣៧,២ ម៉ែត្រ ទម្ងន់ ១៣,៥៥ តោន ។ លើកប៉ាល់មាន ២៨២៦ បន្ទប់ ក្នុងនោះបន្ទប់អ្នកដំណើរមានចំនួន ២១២៥ បន្ទប់ ដែលមានផ្ទៃក្រឡាសរុប ៣៤៦០០ ម៉ែត្រការ៉េ អាចផ្ទុកមនុស្សច្រើនបំផុត ៥២៤៦ នាក់ ។ លើកប៉ាល់មានមុខងារកម្សាន្ត គ្រប់ប្រភេទដូចជាភោជនីយដ្ឋាន រោងភាពយន្ត ហាងទំនិញ របៀងសិល្បៈនិងសួនកម្សាន្តលើទឹកជាដើម ។ កប៉ាល់ទាំងមូលគ្របដណ្តប់ ដោយសេវាអ៊ីនធើណេត ៥G ដែលអាចបំពេញតម្រូវការ គ្រប់ប្រភេទរបស់អ្នកដំណើរ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ការដំណើរការសាកល្បងដោយជោគជ័យ នៃកប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិន ជាសញ្ញាបញ្ជាក់ពីសមត្ថភាពខ្លាំង ផ្នែកផលិតនាវារបស់ចិន ហើយក៏ជាសញ្ញាបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ទីផ្សារឧស្សាហកម្មផលិតកប៉ាល់ ទេសចរណ៍ខ្នាតធំរបស់ពិភពលោក នឹងមានវត្តមានរបស់ប្រទេសចិនផងដែរ ។
យើងអាចជឿជាក់បានថា ការួមបញ្ចូលរវាងឯកទេសប្រពៃណី និងបច្ចេកទេសទំនើបរបស់ចិនក្នុងការផលិតនាវា មុខជានឹងនាំមកនូវផលិតផល កប៉ាល់ទេសចរណ៍ ខ្នាតធំ ដ៏ទំនើបនិងមានលក្ខណៈពិសេសសម្រាប់ បម្រើការក្នុងវិស័យទេសចរណ៍របស់ពិភពលោក ដែលនឹងនាំមកនូវ បទពិសោធថ្មីប្លែកសម្រាប់ អ្នកដំណើរជាតិនិងអន្តរជាតិជាក់ជាមិនខាន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន