ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីយុត្តិធម៌របស់ថៃ ប្រាប់តម្រុយ ទៅដល់លោក ថាក់ស៊ីន ដើម្បីបានរួចខ្លួន ពេលមកដល់ស្រុក

ប្រភព ៖ AFP

បរទេស៖ ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក វិស្ណុ គ្រែ ងាំ (Wissanu Krea-ngam) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចដាក់ញត្តិសុំការលើកលែងទោស ពីព្រះមហាក្សត្រ នៅថ្ងៃដំបូង នៃការជាប់ពន្ធនាគារ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក វិស្ណុ ដែលកំពុងបំពេញ តួនាទី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា “អ្នកទោសទាំងអស់ មានសិទ្ធិស្វែងរកការលើកលែងទោស ពីព្រះមហាក្សត្រ នៅថ្ងៃដំបូង នៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចរកបានក្នុងអំឡុង ពេលនៃការផ្តន្ទាទោស” ។ លោក ស៊ុមសាក់ តែស៊ូធិន (Somsak Thepsuthin) បានលាលែងពីតំណែង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចូលរួមជាមួយគណបក្សភឿថៃ កាលពីខែមីនា។

លោក វិស្ណុ បាននិយាយថា “ប្រសិនបើការលើកលែងទោសមិនត្រូវបានផ្តល់ឱ្យបន្ទាប់ពីការដាក់ញត្តិនោះ វាមិនអាចធ្វើឡើងម្តងទៀតបាននោះទេ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់” ។ លោកបន្តថា នៅពេលត្រឡប់ មកវិញរបស់លោកថាក់ស៊ីន នោះលោកនឹងទៅតុលាការ ដើម្បីទទួលដីកាដាក់ពន្ធនាគារ សម្រាប់សំណុំរឿងចំនួនបីរបស់គាត់ដែលត្រូវបានបញ្ចប់ ដែលបណ្តាលឱ្យមានការជាប់ ពន្ធនាគាររួមគ្នាចំនួន ១០ ឆ្នាំ។

ករណីខ្លះបានឆ្លងផុតលក្ខន្តិកៈនៃការកំណត់ ហើយខ្លះទៀតមិនទាន់ឈានដល់តុលាការនៅឡើយ រួមទាំងសំណុំរឿងពាក់ព័ន្ធនឹងការរត់គេចខ្លួនរបស់ ថាក់ស៊ីន ពីប្រទេសផងដែរ ។

លោក វិស្ណុ បាននិយាយថា ខាងមន្ត្រីកែប្រែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលអតីតនាយករដ្ឋមន្ត្រី ដូចដែលគាត់បានប្រកាស កាលពីមុនថា គាត់ត្រលប់មកខួបកំណើតរបស់គាត់ ។ លោកថាក់ស៊ីនមានអាយុ ៧៤ ឆ្នាំ ហើយបានរស់នៅក្នុងនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top