ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី កម្ទេចយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ដែលហោះឆ្ពោះមក វាយប្រហារទីក្រុងមូស្គូ

Xinhua

បរទេស៖ អភិបាលក្រុងគឺលោក Sergey Sobyanin បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបានកម្ទេច យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sobyanin បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា “មានការប៉ុនប៉ងវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់សត្រូវ ដែលត្រូវបានបាញ់ទម្លាក់” ដោយលោកបន្ថែមថា “មិនមានការខូចខាត ឬអ្នករងរបួស” ពីការលុកលុយពេលយប់នោះទេ។

ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក មានគោលដៅលើ “ទីតាំងនៅលើទឹកដីនៃតំបន់មូស្គូ” មុនពេលវាត្រូវបានប្រឆាំងដោយ ប្រព័ន្ធការពារដែនអាកាស។

ឧបទ្ទវហេតុនេះតំណាងឱ្យការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) លើកទីពីរក្នុងសប្តាហ៍នេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលទៅក្នុងអគារមិនមែន ជាលំនៅដ្ឋានចំនួនពីរនៅក្នុង រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃចន្ទ។

UAVs ជាច្រើនត្រូវបានបាញ់ទម្លាក់នៅដើមខែនេះ នៅតំបន់ជាយក្រុងភាគនិរតីនៃទីក្រុង។ មន្ត្រីរុស្ស៊ីបានថ្កោលទោសការវាយឆ្មក់នេះថាជា “អំពើភេរវកម្ម”៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top