ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រឹកថ្ងៃទី៣១ កក្កដា នេះបានដឹកនាំកងកម្លាំងមានសមត្ថកិច្ចបន្តសកម្មភាព ចាប់ផ្តើមស្វែងរកយុវតីម្នាក់ដែលជាអ្នករងគ្រោះនៅលើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។ នេះបើតាមផេករបស់លោកស្នងការផ្ទាល់តែម្តង ។
យុវតីដែលបាត់ខ្លួននេះ ក្រោយក្រុមពួកគេមានគ្នាប្រហែលជា៣នាក់ បាននាំគ្នាទៅបោះតង់នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះមានភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់ ។ ក្រោយទទួលបានដំណឹងពីក្រុមទេសចរណ៍ជាប់នៅលើទឹកជ្រោះ លោកស្នងការខេត្តនារសៀលថ្ងៃ៣០ កក្កដា ដឹកនាំកងកំលាំងចុះស្វែងរក ហើយក៏បាន ប្រទះឃើញមនុស្ស២នាក់ក្នុងចំណោម៣នាក់ ដោយបាត់ខ្លួនយុវតីម្នាក់ ៕