ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន ស្លាប់១០ និងរបួសជាង៥០នាក់

Xinhua

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ថា ការបំផ្ទុះគ្រាប់បែក បានវាយប្រហារមកលើកន្លែងជួបជុំពិភាក្សាកិច្ចការនយោបាយមួយ កាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងស្រុក Bajaur ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន១០នាក់ស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ។

អ្នកនាំពាក្យនៃអង្គការសង្គ្រោះដែលគ្រប់គ្រងដោយរដ្ឋហៅថា Rescue 1122 នៅខេត្ត Khyber Pakhtunkhwa បានឲ្យដឹងថា ការបំផ្ទុះនេះបានវាយប្រហារមកលើសន្និបាតរបស់ក្រុមកម្មករនយោបាយ Jamiat Ulema-e-Islam-Fazl (JUI-F) នៅជិតតំបន់ Shanday Mor នៅលើផ្លូវ Munda Khar នៃតំបន់ Bajaur ដែលជាស្រុកមួយនៅខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសនេះជាប់នឹងព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ខេត្ត Bilal Faizi ។

មន្ត្រីជួយសង្គ្រោះមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករបួសយ៉ាងតិច១៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះ ។

បន្ទាប់ពីមានការបំផ្ទុះនេះឡើង ប៉ូលិស កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ហើយកំពុងដឹកសាកសព និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ។

មន្ត្រីខាងលើបានបញ្ជាក់ថា រថយន្តសង្គ្រោះចំនួន៨គ្រឿង កំពុងចូលរួមក្នុងបេសកកម្មជួយសង្គ្រោះ ដោយបានបញ្ជាក់ទៀតថា ជំនួយសង្គ្រោះក៏ត្រូវបានស្វែងរកពីតំបន់ជិតខាងផងដែរ ។

បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សប្រហែល៥០០នាក់មានវត្តមាននៅកន្លែងនោះ ហើយមេដឹកនាំនៅក្នុងតំបន់កំពុងថ្លែងសុន្ទរកថានៅគ្រាដែលការបំផ្ទុះបានកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top