ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ លំហអវកាស ជាទីជម្រករួម របស់មនុស្សជាតិ មិនមែនជាវេទិកា សម្រាប់ធ្វើអនុត្តរភាព នោះទេ

ថ្ងៃទី២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Bill Nelson ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់NASA បានអញ្ជើញទៅបំពេញ ទស្សនកិច្ច នៅប្រទេសអាហ្សង់ទីន ។ ក្នុងសន្និសីទសារព័ត៌មានមួយលើក លោកបានអះអាងថា ចិននិងអាមេរិក បាននិងកំពុងធ្វើ “ការប្រកួតប្រជែង នៅលើលំហអវកាស ” ។ នេះជាពាក្យពេចន៍មួយ ដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមត្រជាក់ ប៉ុន្តែ បច្ចុប្បន្ននេះ លោក Nelson បាននាំពាក្យនេះ ទៅដល់ប្រទេសអាហ្សង់ទីន ដែលជាប្រទេសធ្វើកិច្ច សហប្រតិបតិ្តការ លើវិស័យអវកាស អន្តរជាតិយ៉ាងផុលផុស ។ ដូច្នេះបានជាប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាហ្សង់ទីន បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Nelson លើកនេះមាន “គោលបំណងខាងនយោបាយ ” ។

នេះមិនមែនជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់របស់អាមេរិកធ្វើដំណើរទៅកាន់អាហ្សង់ទីនក្នុងគោលបំណងឃោសនាបំប៉ោងពីបញ្ហាអវកាស ។ កាលពីខែមីនា ឆ្នាំ២០២២ ខណៈបំពេញ ទស្សនកិច្ចនៅប្រទេស អាហ្សង់ទីន លោកស្រី Laura Richardson មេបញ្ជាការ នៃបញ្ជាការដ្ឋាន តំបន់ភាគខាងត្បូង របស់អាមេរិកធ្លាប់លើកឡើង ដល់ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ជាគម្រោងសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន ដែលស្ថិតនៅខេត្ត Neuquenនៃប្រទេសអាហ្សង់ទីន ហើយបានមួលបង្កាច់ថា វាជាសំណង់យោធា ។ រីឯលើកនេះវិញ លោក Nelson បានឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការប្រកួតប្រជែង លើអវកាស ” អ្នកវិភាគបានសម្គាល់ឃើញថា គោលបំណងដ៏សំខាន់មួយរបស់លោក គឺចង់ញុះញង់និងបំផ្លាញ ដល់កិច្ចសហប្រតិបតិ្តការ លើវិស័យអវកាសរវាងចិននិងអាហ្សង់ទីន ។

សូមបញ្ជាក់ថា ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ដែលស្ថិតនៅខេត្ត Neuquen ជាស្ថានីយវាស់ស្ទង់អវកាសជ្រៅ នៅឯនាយសមុទ្រទីមួយរបស់ចិន ដែលបានចាប់ផ្តើម ដំណើរការជាផ្លូវការនៅឆ្នាំ២០១៧ ។ ចិននិងអាហ្សង់ទីន បានអភិវឌ្ឍនិងប្រើប្រាស់ អវកាសស្រទាប់ខាងក្រៅ ដោយសន្តិភាព តាមរយៈស្ថានីយនេះ ហើយស្ថានីយនេះក៏បានបើកចំហ ទៅកាន់សហគមន៍អន្តរជាតិផងដែរ ។ បច្ចុប្បន្ននេះ ស្ថាប័នវិទ្យាសាស្ត្រនិង បច្ចេកទេសនៃប្រទេសជាច្រើន ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ សុទ្ធតែប្រើប្រាស់ស្ថានីយវាស់ស្ទង់អវកាសជ្រៅនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ ។

កាលពីខែមីនា ឆ្នាំ២០២២ លោក Daniel Filmus រដ្ឋមន្ត្រីក្រសួងច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃប្រទេសអាហ្សង់ទីនបានលើកឡើងថា “ក៏ដូចយើងបានធ្វើនៅទ្វីអឺរ៉ុប អ៊ីចឹងដែរ ស្ថានីយវាស់ស្ទង់អវកាសជ្រៅ ដែលស្ថិតនៅខេត្ត Neuquen គឺជាសំណង់របស់អាហ្សង់ទីន ក្នុងការធ្វើការវាស់ស្ទង់ នៅអវកាសនិងធ្វើកិច្ចសហប្រតិបតិ្តការខាងផ្កាយរណបជាមួយប្រទេសចិន” ។ តាមពិតទៅ តាំងពីឆ្នាំ២០១២មកម្លេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ក៏បានបង្កើតស្ថានីយ វាស់ស្ទង់អវកាសជ្រៅនៅប្រទេសអាហ្សង់ទីនរួចហើយ ស្ថានីយនេះមានចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រ ជាមួយស្ថានីយវាស់ស្ទង់អវកាស ជ្រៅរវាងចិន និងអាហ្សង់ទីន ។ អ្នកផងទាំងពួងចង់សួរថា ហេតុអ្វីបានជាអាមេរិក គ្រាន់តែរិះគន់ទៅលើស្ថានីយ វាស់ស្ទង់អវកាសជ្រៅរវាងចិន និងអាហ្សង់ទីនប៉ុណ្ណោះ ? នេះជាការប្រកាន់ស្តង់ដារពីរដ៏សុទ្ធសាធមែនទេ ?

«សន្ធិសញ្ញា អវកាស»របស់អង្គការ សហប្រជាជាតិ បានកំណត់យ៉ាងច្បាស់ថា “មិនថាប្រទេសណាមួយសុទ្ធតែមិនអាចអះអាងថា មានអធិបតេយ្យ ភាពឬសិទ្ធិគ្រប់គ្រង់ ចំពោះលំហ អវកាសឬលំហអវកាសចំណែកណាមួយនោះទេ ហើយក៏មិនអាចចាត់ទុក អវកាសជារបស់ខ្លួនឬ ច្រានចោលអ្នកដទៃបានទេ ។” ក្នុងនាមជាប្រធាន នៃទីភ្នាក់ងារអវកាសរបស់អាមេរិក លោក Nelson មិនមែនមិនយល់ច្បាស់ពី “ប្រវតិ្តសាស្ត្រខ្មៅងងឹត” របស់ផែនការអវកាសអាមេរិក នោះឡើយ ។ ពីការបង្កសំរាមនៅលំហអវកាស រហូតដល់ញុះញង់ឱ្យធ្វើការប្រកួតប្រជែងសព្វាវុធនៅអវកាស អាមេរិកបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ការប្រើប្រាស់អវកាសដោយសន្តិភាព ។

បើនិយាយចំពោះប្រទេសចិន ចាប់តាំងពីពេលទើបអភិវឌ្ឍបុព្វហេតុអវកាសមក ចិនក៏បានប្រកាន់ខ្ជាប់គោលបំណង ស្តីពីការអភិវឌ្ឍដោយសន្តិភាព ។ ស្ថានីយអវកាសរបស់ចិន ដែលបាននិងកំពុងដំណើរការនៅអវកាស ជាគម្រោងលើកដំបូងដែលបានបើកចំហ ទៅកាន់រដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ ។ ប្រការនេះបានបង្ហាញ ឱ្យឃើញនូវគោលបំណង់ដើមរបស់ចិនក្នុងការស្ទង់រុករកនៅអវកាស នេះគឺមិនអាចលុបបំបាត់បាន ទោះធ្វើការវាយប្រហារយ៉ាងណាក៏ដោយ ។

លំហអវកាសជាទីជម្រករួម របស់មនុស្សជាតិ មិនមែនជាវេទិកា សម្រាប់ធ្វើអនុត្តរភាពនោះទេ ។ សូមដាស់តឿនមនុស្សមួយចំនួន តូចរបស់ប្រទេសអាមេរិក កុំអនុវត្តតាមគំនិតសង្រ្គាមត្រជាក់ កាលពីមុនទៀត ខណៈពេលឈានចូលសតវត្សរ៍ទី២១ ៕

To Top