ប៉ារីស៖ នៅព្រឹកថ្ងៃដដែល មនុស្សរាប់ពាន់នាក់នៅនីហ្សេរីយ៉ា បានចូលរួមក្នុងសកម្មភាពប្រឆាំង នឹងប្រទេសបារាំង និង ECOWAS ក៏ដូចជាគាំទ្រដល់ក្រុមប្រឹក្សាជាតិ សម្រាប់ការពារមាតុភូមិ ដែលបង្កើតឡើង ដោយអ្នកចូលរួមធ្វើរដ្ឋប្រហារ ។ សកម្មភាពក្នុងចំណោមរឿងផ្សេងទៀតបានកើតឡើងនៅមុខស្ថានទូតបារាំង ក្នុងទីក្រុងណៃមី ។
ក្រសួងការបរទេសបារាំងបានឲ្យដឹងថា ទីក្រុងប៉ារីស កំពុងជំរុញឱ្យអាជ្ញាធរនៃប្រទេសនីហ្សេរីយ៉ា ធានានូវសន្តិសុខរបស់ស្ថានទូតបារាំង នៅក្នុងរដ្ឋធានីណៃមី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik ។
បារាំង ថ្កោលទោសរាល់អំពើហឹង្សាប្រឆាំងនឹងស្ថាប័នការទូតរបស់ខ្លួន ដែលសន្តិសុខជាទំនួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះ។ កងកម្លាំងនីហ្សេរីយ៉ា ត្រូវបានទាមទារ ដើម្បីធានាសន្តិសុខនៃស្ថាប័នការទូត និងស្ថានកុងស៊ុល ស្របតាមអនុសញ្ញាទីក្រុងវីយែន និងកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃអាទិត្យបានផ្អាកជំនួយហិរញ្ញវត្ថុទាំងអស់ ដល់ប្រទេសនីហ្សេរីយ៉ា បង្កកទ្រព្យសម្បត្តិរបស់ពួកឧទ្ទាម ក្រុមគ្រួសារ និងអ្នកគាំទ្រ ព្រមទាំងដាក់បម្រាម លើចលនារបស់ពួកគេ។
លោក Alieu Touray បានឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ ស្តីពីស្ថានការណ៍នយោបាយនៅនីហ្សេរីយ៉ាថា “ដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ សម្រាប់មន្ត្រីយោធា ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
លើសពីនេះទៀត ECOWAS បានសម្រេចចិត្ត ផ្អាកប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងរដ្ឋជាសមាជិករបស់ខ្លួន និងនីហ្សេរីយ៉ា ព្រមទាំងបង្កកទ្រព្យសម្បត្តិ របស់នីហ្សេរីយ៉ា នៅក្នុងធនាគារកណ្តាល និងធនាគារពាណិជ្ជ របស់សហគមន៍៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព ៖ AFP