បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានច្រានចោលការអំពាវនាវឱ្យប្រទេសបារាំង “បំបែក” ពីទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ជំនួសមកវិញ លោកបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Le Maire ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាជាមួយឧបនាយករដ្ឋមន្ត្រី He Lifeng នៅរដ្ឋធានីចិនថា “យើងប្រឆាំងទាំងស្រុងទៅនឹងគំនិត នៃការកាត់ផ្តាច់នេះ ហើយការបំបែកណាមួយ គឺជាការបំភាន់។
រដ្ឋមន្ត្រីបារាំងរូបនេះបាននិយាយថា «មិនមានលទ្ធភាព នៃការកាត់ផ្តាច់ប្រភេទណាមួយរវាងសេដ្ឋកិច្ចអាមេរិក អឺរ៉ុប និងចិនទេ»។ លោកបានបន្ថែមថា ទីក្រុងប៉ារីសនឹងមិនចង់ «ប្រឈមមុខនឹងឧបសគ្គផ្នែកនីតិប្បញ្ញត្តិ ឬឧបសគ្គផ្សេងទៀត» នៅលើផ្លូវឆ្ពោះទៅកាន់ទីផ្សារធំរបស់ប្រទេសចិននោះទេ។
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានសម្តែងនូវក្តីសង្ឃឹមថា បារាំងនឹង «រក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងសហភាពអឺរ៉ុប»៕ ប្រែសម្រួលៈ ណៃ តុលា