ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​យោធា ​មី​យ៉ាន់​ម៉ា បន្ដដាក់ប្រទេស ក្នុងគ្រាអាសន្ន និងពន្យារពេល​ការបោះឆ្នោត

ប្រភព ៖ kyodo

យ៉ាំងហ្គោន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា ​បានពង្រីកភាពអាសន្នរបស់ខ្លួន ដែលនឹងត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ សម្រាប់រយៈពេល ៦ខែទៀត ដោយបង្ខំឱ្យមានការពន្យារពេល នៃការបោះឆ្នោតជាំតិ ដូចដែលបានសន្យា។

ជាមួយនឹងការពន្យាពេលលើកទី៤ ការបោះឆ្នោត ដែលមានបំណងវិលត្រឡប់ទៅកាន់ការ គ្រប់គ្រងស៊ីវិលវិញ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាល ស៊ីវិលរបស់ប្រទេសនេះ នឹងមិនកើតឡើង រហូតដល់ខែសីហា ឆ្នាំក្រោយ។

របបយោធាកាលពីថ្ងៃច័ន្ទ បានបើកកិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់ប្រទេស ដែលពួកគេបានសម្រេចចិត្តបន្តវិធានការនេះ នេះបើយោងតាមការផ្សាយរបស់ MRTV ។

ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយប្រធានាធិបតី ស្តីទី Myint Swe ដែលជាប្រធានក្រុមប្រឹក្សា បន្ទាប់ពីមេដឹកនាំរបបយោធាជាន់ខ្ពស់លោក មីន អ៊ុងឡាំង បានប្រាប់កិច្ចប្រជុំអំពីជម្លោះ ដែលកំពុងបន្ត និងស្ថានភាព សន្តិសុខនៅក្នុងប្រទេស កំពុងរារាំងដល់កិច្ចខិតខំប្រឹង ប្រែងរបស់យោធាក្នុងការរៀបចំ ការបោះឆ្នោត និងត្រលប់ទៅការគ្រប់គ្រងស៊ីវិលវិញ ។ ​

ការបោះឆ្នោតទូទៅ ត្រូវធ្វើឡើងក្នុងរយៈពេល ៦ខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។ ការពន្យារពេលលើកទី៤ បានកើតឡើង បន្ទាប់ពីវាបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai ជួបជាមួយមេដឹកនាំស៊ីវិល ដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នៅដើមខែកក្កដា នៅក្នុងការទំនាក់ទំនង ដែលបានបញ្ជាក់ជាលើកដំបូង រវាងមន្ត្រីរដ្ឋាភិបាលបរទេសជាន់ខ្ពស់ និងលោកស្រី ស៊ូជី។

មេដឹកនាំដែលត្រូវបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១​ ត្រូវបានកាត់ទោសលើការចោទប្រកាន់ចំនួន ១៩ រួមទាំងអំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត ហើយឥឡូវនេះប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ ដែលជាការកាត់ទោសមួយជីវិត សម្រាប់ម្ចាស់ពានណូបែលសន្ដិភាពអាយុ ៧៨ឆ្នាំ។ ​

ការតវ៉ាដោយសន្តិវិធី របស់ប្រជាពលរដ្ឋប្រឆាំង នឹងរបបយោធាបន្ទាប់ពីការធ្វើរដ្ឋប្រហារ ដែលត្រូវបានជួបជាមួយនឹង ការបង្ក្រាបដោយយោធាដ៏ឃោរឃៅ ចាប់តាំងពីពេលនោះមក បានក្លាយទៅជាការតស៊ូប្រដាប់អាវុធ ដែលគាំទ្រ ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកំពុងនិរទេសខ្លួនបង្កើតឡើង ដោយសមាជិកសំខាន់ៗ នៃគណបក្សនយោបាយរបស់លោកស្រី ស៊ូជី ដែលបានរួចផុតពីការចាប់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top