បរទេស ៖ ប្រទេសបារាំង មានមនុស្សជាប់ពន្ធនាគារច្រើន ជាងពេលមុនៗចំនួន ៧៤.៥១៣ នាក់, នេះបើយោងតាមស្ថិតិផ្លូវការ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌បារាំងកាលពីថ្ងៃចន្ទ។ ប្រទេសនេះបានបំបែកកំណត់ត្រា អ្នកទោសរបស់ខ្លួនចំនួនប្រាំមួយដង ស្ទើរតែរៀងរាល់ខែ ចាប់តាំងពីចុងឆ្នាំ ២០២២ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើងចំនួន ២ ៤៤៦នាក់ ចាប់តាំងពីឆ្នាំមុន និង ១៥ ៨១៨នាក់ ចាប់តាំងពីរដូវក្តៅ នៃឆ្នាំ ២០២០ បន្ទាប់ពីអ្នកទោសប្រហែល ១០ ០០០ នាក់ ត្រូវបានដោះលែង ដោយសារតែការផ្ទុះឡើង នៃជំងឺ Covid-19 ដើម្បីកាត់បន្ថយភាពចង្អៀត ណែនរបស់ប្រព័ន្ធពន្ធនាគារ។
ប្រទេសបារាំងបាន កើនលើសអ្នកទោស ៧៣.០០០ នាក់ជាលើកដំបូងកាលពីខែមេសាមុន។
អត្រាកាន់កាប់ សម្រាប់ប្រព័ន្ធពន្ធនាគារទាំងមូលមាន ១២២,៨ភាគរយ និងកើនឡើងដល់ ១៤៦,៣ភាគរយ សម្រាប់កន្លែងស្នាក់នៅ របស់អ្នកជាប់ឃុំបណ្តោះអាសន្ន និងអ្នកទោសដែលមានទោស ដែលជាប់គុករយៈពេលខ្លី។ ជាលទ្ធផល អ្នកទោសចំនួន ២ ៤៧៨នាក់ មិនមានគ្រែត្រឹមត្រូវ ហើយត្រូវប្រើពូកដាក់ផ្ទាល់នៅលើឥដ្ឋ ។
ពន្ធនាគាររបស់ប្រទេសបារាំង មានសភាពចង្អៀតណែនខ្លាំងពេក ដែលតុលាការសិទ្ធិមនុស្សអឺរ៉ុបបានថ្កោលទោសប្រព័ន្ធនេះក្នុងឆ្នាំ ២០២០ ចំពោះការចង្អៀត “រចនាសម្ព័ន្ធ” ដោយបញ្ជាឱ្យបង់ប្រាក់ការខូចខាតដល់អ្នកទោសចំនួន ៣២ នាក់រហូតដល់ ២៥ ០០០អឺរ៉ូ ស្មើនឹង ២៧ ០០០ដុល្លារ ចំពោះ “ការរំលោភសិទ្ធិជាមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ”។
ប្រទេសបារាំង គឺស្ថានភាព កាន់តែអាក្រក់ទៅៗ បន្ទាប់ពីកុប្បកម្មហឹង្សាបានលេបត្របាក់ប្រទេសនេះកាលពីខែមុន បន្ទាប់ពីប៉ូលីសបានបាញ់ សម្លាប់ក្មេងជំទង់ដើមកំណើត អាហ្រ្វិកខាងជើងម្នាក់ អំឡុងពេលបញ្ឈប់ចរាចរណ៍នៅទីក្រុង ណង់ទែរ។ ការទាមទាររបស់រដ្ឋាភិបាលសម្រាប់ការឆ្លើយតប “រឹងមាំ” “រហ័ស” និង “ជាប្រព័ន្ធ” បានឃើញអ្នកតវ៉ាជាង ៧៤២នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ និង ៦០០នាក់ទៀតត្រូវបានជាប់ឃុំ៕
ប្រែសម្រួលៈ ណៃ តុលា